(តូក្យូ)៖ នាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអុ គីស៉ីដា នៅថ្ងៃចន្ទសប្តាហ៍ក្រោយ នឹងប្រកាសពីផែនការថ្មីមួយ សម្រាប់តំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក ដែលសេរីនិងបើកចំហ នៅឯទីក្រុងញូដេលី ហើយស្វែងរកការគាំទ្រពីឥណ្ឌា ដើម្បីចាប់ដៃគូគ្នាជាមួយទីក្រុងតូក្យូ ចំពោះមុខការកើនឡើងឥទ្ធិពលរបស់ចិននៅក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៨ ខែមីនា ឆ្នាំ២០២៣។
ក្រុមមន្រ្តីជប៉ុនបាននិយាយថា នៅក្រោមផែនការថ្មីនោះ ដែលនឹងត្រូវប្រកាសកំលុងដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃ របស់លោក គីស៉ីដា នៅប្រទេសឥណ្ឌា ជប៉ុននឹងបង្កើនការគាំទ្រដល់ ប្រទេសដែលមានទីផ្សារកំពុងអភិវឌ្ឍខ្លាំង ជាពិសេសនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិកផ្ទាល់។ ការសម្រេចចិត្តរបស់លោក គីស៉ីដា ក្នុងការប្រកាសផែនការថ្មីរបស់លោក កំលុងកិច្ចប្រជុំកំពូលទ្វេភាគីជាមួយឥណ្ឌាបែបនេះ គូសរំលេចអំពីសារសំខាន់ជាខ្លាំង ដែលទីក្រុងតូក្យូផ្តល់ឱ្យទីក្រុងញូដេលី ក្នុងមានជាប្រទេសដែលដើរតួនាទីគន្លឹះ នៅក្នុងឥណ្ឌូ-ប៉ាស៉ីហ្វិក។
កំលុងកិច្ចពិភាក្សារវាងលោក ហើយនិងនាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី លោក គីស៉ីដា ត្រូវបានរំពឹងថា នឹងស្វែងរកការគាំទ្ររបស់ឥណ្ឌា សម្រាប់ផែនការរបស់លោក ដែលនឹងរួមមានទាំងចំណាត់ការ ដែលជប៉ុននឹងត្រូវធ្វើដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស ដែលគោរពប្រតិបត្តិការតាមគោលការណ៍ នៃការដោះស្រាយជម្លោះដោយសន្តិវិធី និងសេរីភាពនៃការធ្វើនាវាចរណ៍។
បើតាមក្រុមមន្រ្តីជប៉ុន លោក គីស៉ីដា ជឿថា ជាមួយទីតាំងភូមិសាស្រ្តនយោបាយ ប្រកបដោយលក្ខណៈយុទ្ធសាស្រ្តរបស់ឥណ្ឌា ដែលស្ថិតនៅជាប់មហាសមុទ្រឥណ្ឌា និងជាប្រទេសប្រជាធិបតេយ្យធំជាងគេនៅលើពិភពលោក ឥណ្ឌានឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយសម្រេចឱ្យបាន នូវចក្ខុវិស័យរបស់លោក សម្រាប់តំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក ដែលសេរីនិងបើកចំហ។
គួរបញ្ជាក់ថា ឥណ្ឌានិងជប៉ុន រួមជាមួយសហរដ្ឋអាមេរិកនិងអូស្រ្តាលី គឺជាសមាជិកនៃសម្ព័ន្ធភាពហៅថា ក្វាដ (Quad) ដែលគេមើលឃើញថា ត្រូវបានបង្កើតឡើង ដើម្បីទប់ទល់នឹងការកើនឡើងឥទ្ធិពលរបស់ចិន នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក៕