(ប៉េកាំង)៖ ក្រសួងការបរទេសចិន បានឱ្យដឹងនៅថ្ងៃសុក្រនេះថា ប្រធានាធិបតីប្រេស៉ីល លោក ល្វីស អ៉ីណាស៉ីអូ លូឡា ដាស៉ីលវ៉ា (Luiz Inacio Lula da Silva) នឹងបំពេញទស្សនកិច្ចមកកាន់ប្រទេសចិន នៅចុងខែមីនានេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៧ ខែមីនា ឆ្នាំ២០២៣។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ហ័រ ឈុនយីង (Hua Chunying) បានប្រកាសក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «តបតាមការអញ្ជើញរបស់ប្រធានាធិបតីចិន លោក ស៉ី ជិនពីង ប្រធានាធិបតីប្រេស៉ីល លោក ល្វីស អ៉ីណាស៉ីអូ លូឡា ដាស៉ីលវ៉ា នៃសាធារណរដ្ឋសហព័ន្ធប្រេស៉ីល នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋមកកាន់ប្រទេសចិន ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣១ ខែមីនា»។
ក្រោយសេចក្តីប្រកាសខាងលើ អ្នកនាំពាក្យក្រសួងការបរទេសចិនម្នាក់ទៀត គឺលោក វ៉ាង វិនពីន (Wan Wenbin) បាននិយាយក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយថា ដំណើរទស្សនកិច្ចរបស់លោក លូឡា នឹងបើកទំព័រក៏ដូចជាអនាគតថ្មី សម្រាប់ទំនាក់ទំនងចិន-ប្រេស៉ីល ក្នុងកម្រិតប្រមុខរដ្ឋ។ លោក វ៉ាង បានបន្តថា កិច្ចពិភាក្សារវាងមេដឹកនាំប្រទេសទាំងពីរ នឹងជួយជំរុញភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយចិន-ប្រេស៉ីល ឆ្ពោះទៅរកកម្រិតថ្មីសន្លាងមួយ ហើយបង្កើតការចូលរួមចំណែកថ្មីទៀត ទៅក្នុងការលើកកម្ពស់ស្ថិរភាពនិងវិបុលភាព នៅក្នុងតំបន់និងសកលលោកទាំងមូល។
គួរបញ្ជាក់ថា ចាប់តាំងពីឡើងកាន់អំណាចកាលពីខែមករា ឆ្នាំនេះលោក លូឡា បានបង្ហាញពីក្តីបំណង ដើម្បីបន្តទំនាក់ទំនងប្រកបដោយភាពកក់ក្តៅ និងជាមិត្តភាព ជាមួយទីក្រុងប៉េកាំងឡើងវិញ ដោយផ្ទុយពីអតីតប្រធានាធិបតីប្រេស៉ីល លោក ហ្សាអៀរ បូលសូណារ៉ូ។ បច្ចុប្បន្នចិនគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ប្រេស៉ីល ដោយការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាលពីឆ្នាំមុន មានទំហំ១៥២.៦ពាន់លានដុល្លារ ខណៈការធ្វើពាណិជ្ជកម្មរវាងប្រេស៉ីលជាមួយសហរដ្ឋអាមេរិក ដែលស្ថិតនៅចំណាត់ថ្នាក់លេខពីរ មានទំហំត្រឹម៨៨.៨ពាន់លានដុល្លារ៕