(វ៉ាស៉ីនតោន)៖ មេបញ្ជាការជាន់ខ្ពស់មួយរូបនៃយោធាជើងទឹកសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា បញ្ហាវិវាទសព្វថ្ងៃនៅឥណ្ឌូប៉ាស៊ីហ្វិក នាពេលបច្ចុប្បន្នគឺគួរឲ្យព្រួយបារម្ភ និងកំពុងស្ថិតក្នុង «និន្នាការខុសទិសដៅ» ប៉ុន្តែវត្តមានរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់នេះ មិនមែនជាកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ ឬបង្កជម្លោះជាមួយប្រទេសចិននោះទេ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទិ១៦ ខែមីនា ឆ្នាំ២០២៣។

នាយឧត្តមនាវីអាមេរិក លោក ចន អាគ្វីលីណូ (John Aquilino) មេបញ្ជាការនៃបញ្ជាការដ្ឋានអាមេរិកប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិក បាននិយាយថា ភាពជាដៃគូ AUKUS រវាងអូស្ត្រាលី អង់គ្លេស និងសហរដ្ឋអាមេរិក ដើម្បីផ្តល់ឲ្យអូស្ត្រាលីនូវនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ គឺដើម្បីបង្កើនសមត្ថភាពការពាររបស់ខ្លួន។ បន្ទាប់ពីថ្លែងសុន្ទរកថាមួយនៅឯប្រទេសសិង្ហបុរី លោក អាគ្វីលីណូ បានគូសបញ្ជាក់ថា «ក្នុងនាមជាដៃគូល្អ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស នឹងបន្តជួយពង្រឹងសមត្ថភាពដល់ប្រទេសអូស្ត្រាលីក្នុងការការពារខ្លួន។ យើងមានបំណងធ្វើសកម្មភាពឱ្យបានលឿន និងមានសុវត្ថិភាពតាមដែលអាចធ្វើទៅបាន»។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់ប្រធានាធិបតី លោក ចូ បៃដិន បាននិងកំពុងពង្រីកសម្ព័ន្ធភាព នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងកិច្ចខិតខំប្រឹងប្រែងដែលគេមើលឃើញថា ដើម្បីទប់ទល់នឹងការបង្កើនសកម្មភាពរបស់ចិន នៅក្នុងសមុទ្រចិនខាងត្បូង និងនៅច្រកសមុទ្រតៃវ៉ាន់។ លោក អាគ្វីលីណូ បានអះអាងថា សហរដ្ឋអាមេរិក តានរយៈការធ្វើសមយុទ្ធនិងល្បាតនៅក្នុងតំបន់នេះ គឺគ្មានចេតបង្កជម្លោះឬមួយក៏រាំងខ្ទប់ចិនឡើយ ហើយក៏មិន​គាំទ្រឯករាជ្យភាពកោះតៃវ៉ាន់ដែរ៕