(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ មន្ទីរបញ្ចកោណអាមេរិក បានប្រកាសថា ក្រសួងការបរទេសអាមេរិក ទើបតែបានសម្រេចផ្តល់ការយល់ព្រម ចំពោះសំណើរបស់អូស្រ្តាលីស្តីពីការទិញមីស៉ីលគ្រូស Tomahawk ចំនួនរហូតដល់២២០គ្រាប់ ខណៈវានឹងធ្វើឱ្យអូស្រ្តាលីក្លាយជាសម្ព័ន្ធមិត្តអាមេរិកទីពីរ ដែលនឹងទទួលបានមីស៉ីលនេះ បន្ទាប់ពីចក្រភពអង់គ្លេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៧ ខែមីនា ឆ្នាំ២០២៣។
យោងតាមសេចក្តីថ្លែងការណ៍ របស់ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការសន្តិសុខការពារជាតិ នៃក្រសួងការពារជាតិអាមេរិក កិច្ចព្រមព្រៀងលក់មីស៉ីលខាងលើ នឹងមានតម្លៃ១.៣ពាន់លានដុល្លារអូស្រ្តាលី ឬស្មើនឹង៨៩៥លានដុល្លារអាមេរិក ហើយរួមបញ្ចូលទាំងការផ្តល់ការគាំទ្រផ្នែកបច្ចេកទេស។ សេចក្តីថ្លែងការណ៍ដដែល បានលើកឡើងថា ផែនការលក់មីស៉ីលគ្រូស Tomahawk នេះ នឹងជួយពង្រឹងសមត្ថភាពរបស់អូស្រ្តាលី ក្នុងការធ្វើប្រតិបត្តិការរួមគ្នាជាមួយកងទ័ពជើងទឹករបស់អាមេរិក ក៏ដូចជាកងកម្លាំងរបស់សម្ព័ន្ធមិត្តដទៃទៀត ហើយវាក៏នឹងជួយធ្វើឱ្យប្រសើរឡើង នូវសមត្ថភាពរបស់ទីក្រុងកង់បេរ៉ា ដើម្បីចូលរួមចំណែកទៅក្នុងបេសកកម្មដែលបម្រើផលប្រយោជន៍រួមផងដេរ។
មកទល់បច្ចុប្បន្ន មានតែចក្រភពអង់គ្លេសប៉ុណ្ណោះ ដែលបានទិញមីស៉ីល Tomahawk ពីសហរដ្ឋអាមេរិក ប៉ុន្តែថ្មីៗកន្លងទៅនេះ ជប៉ុនក៏បានប្រកាសអំពីគោលបំណង ដើម្បីទិញមីស៉ីលគ្រូសនេះចំនួនរាប់រយគ្រាប់ផងដែរ ដើម្បីយកទៅពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួន។ មីស៉ីលគ្រូស Tomahawk ហោះហើរនៅក្នុងរយៈកម្ពស់ដ៏ទាប និងមានល្បឿនក្រោមល្បឿនសំឡេង។ វាអាចបាញ់ចេញពីនាវាមុជទឹកឬនាវាចម្បាំង និងធ្វើដំណើរបានចម្ងាយលើស១,០០០គីឡូម៉ែត្រ។
គួរបញ្ជាក់ថា ការផ្តល់ភ្លើងបៃតងចំពោះគម្រោងខាងលើកើតឡើង ក្នុងសប្តាហ៍តែមួយដែលសហរដ្ឋអាមេរិក អូស្រ្តាលី និងចក្រភពអង់គ្លេស បានប្រកាសអំពីព័ត៌មានលម្អិតបន្ថែមស្តីពីសម្ព័ន្ធភាពសន្តិសុខត្រីភាគី ហៅកាត់ថា AUKUS របស់ពួកគេ។ នៅក្រោមក្របខណ្ឌ AUKUS អូស្រ្តាលីនឹងទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរយ៉ាងហោច៣គ្រឿងពីអាមេរិក ហើយបន្ទាប់មកសហការជាមួយអាមេរិកនិងអង់គ្លេស ដើម្បីផលិតនាវាមុជទឹកប្រភេទថ្មីសន្លាងមួយ ថែមទៀត៕