Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មនុស្ស ៦នាក់ស្លាប់ និងរបួស ៦នាក់ ក្នុងហេតុការណ៍ឆេះអគារពាណិជ្ជកម្មមួយកន្លែងនៅឥណ្ឌា (Video inside)

17-03-2023 15:00

(ញូដេលី)៖ ប៉ូលិសបានឲ្យដឹងនៅថ្ងៃសុក្រនេះថា យ៉ាងហោចណាស់មនុស្សចំនួន ៦នាក់បានស្លាប់ រីឯ ៦នាក់ទៀតរងរបួស បន្ទាប់ពីមានភ្លើងឆេះយ៉ាងសន្ធោសន្ធៅលើអគារពាណិជ្ជកម្មពហុជាន់ ក្នុងទីក្រុងហាយដឺរ៉ាបាត់ (Hyderabad) ដែលស្ថិតនៅឯភាគខាងត្បូងនៃប្រទេសឥណ្ឌា។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៧ ខែមីនា ឆ្នាំ២០២៣។

ហេតុការណ៍អគ្គិភ័យនេះបានកើតឡើង កាលពីរសៀលថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) នៅប្លុកតំបន់សេគូនដឺរ៉ាបាត់ (Secunderabad)។ មន្រ្តីប៉ូលិសមួយរូប បាននិយាយថា មនុស្សចំនួន ៦នាក់ ដែលក្នុងនោះមានបុរស ២នាក់ និងស្រ្តី៤នាក់ ត្រូវស្លាប់ភ្លើងឆេះ។ ចំណែក មនុស្ស ៦នាក់ទៀតកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ។ បើតាមមន្រ្តីប៉ូលិសរូបនោះ អ្នករបួស ៤នាក់ ក្នុងចំណោមអ្នករបួសទាំង ៦នាក់ បានលោតពីលើអគារដើម្បីគេចចេញពីភ្លើងឆេះ។ រថយន្តពន្លត់អគ្គីភ័យចំនួន១២គ្រឿង ត្រូវបានបញ្ជូនទៅកន្លែងកើតហេតុ ខណៈប្រតិបត្តិការពន្លត់អគ្គិភ័យបន្តរហូតដល់ព្រឹកថ្ងៃសុក្រនេះ។

គួរបញ្ជាក់ថា សមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូនបន្តដើម្បីស៉ើបអង្កេតរកមូលហេតុនៃអគ្គិភ័យនេះ។ ការស៊ើបអង្កេតបឋមសន្និដ្ឋានថា អគ្គភ័យនេះអាចបណ្តាលមកពីទុស្សេខ្សែភ្លើង៕