(ប៉េកាំង)៖ ទីបំផុតក្រសួងការបរទេសចិន បានប្រកាសជាផ្លូវការនៅថ្ងៃសុក្រនេះថា ប្រធានាធិបតីចិនលោក ស៉ី ជិនពីង នឹងបំពេញទស្សនកិច្ចទៅកាន់រុស្ស៉ី នៅដើមសប្តាហ៍ក្រោយ បន្ទាប់ពីមានសេចក្តីរាយការណ៍ព័ត៌មាន ពាក់ព័ន្ធគម្រោងទស្សនកិច្ចនេះ អស់រយៈពេលប៉ុន្មានខែមកហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៧ ខែមីនា ឆ្នាំ២០២៣។
ក្រសួងការបរទេសចិន បាននិយាយក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «តបតាមការអញ្ជើញរបស់ប្រធានាធិបតីលោក វ៉្លាឌីមៀ ពូទីន នៃសហព័ន្ធរុស្ស៉ី ប្រធានាធិបតីលោក ស៉ី ជិនពីង នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសរុស្ស៉ី ចាប់ពីថ្ងៃទី២០ ខែមីនា ដល់ថ្ងៃទី២២ ខែមីនា»។ ដោយឡែក បើតាមវិមានក្រឹមឡាំងរុស្ស៉ីវិញ កំលុងដំណើរទស្សនកិច្ចនោះ លោក ស៉ី និងលោក ពូទីន នឹងពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការរុស្ស៉ី-ចិន ដែលកាន់តែស៉ីជម្រៅខ្លាំងឡើងនៅលើឆាកអន្តរជាតិ ហើយចុះហត្ថលេខាលើឯកសារទ្វេភាគីសំខាន់ៗ។
គួរបញ្ជាក់ថា ចិននិងរុស្ស៉ីបានបង្កើតភាពជាដៃគូយុទ្ធសាស្រ្តគ្មានដែនកំណត់ កាលពីក្នុងខែកុម្ភៈ ឆ្នាំ២០២២ គឺតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ មុនពេលរុស្ស៉ីបើកការឈ្លានពានលើអ៊ុយក្រែន ហើយមកទល់ពេលនេះ ភាគីទាំងពីរបានបន្តបញ្ជាក់ហើយបញ្ជាក់ទៀត នូវភាពកាន់តែរឹងមាំឡើង នៃចំណងទាក់ទងរវាងប្រទេសទាំងពីរ។ លើកចុងក្រោយបំផុត ដែលលោក ស៉ី និងលោក ពូទីន បានជួបមុខគ្នា គឺនៅក្រៅកិច្ចប្រជុំកំពូលពហុភាគីមួយ ក្នុងប្រទេសអ៊ូសបេគីស្ថាន កាលពីខែកញ្ញា ឆ្នាំ២០២២៕