(វ៉ាស៉ីនតោន)៖ ក្រសួងការបរទេសអាមេរិក បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ប្រសិតជាន់ខ្ពស់ម្នាក់របស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងធ្វើដំណើរទៅកាន់ប្រទេសប៉ាណាម៉ានិងហុងឌូរ៉ាស ក្នុងខែមីនានេះ បន្ទាប់ពីហុងឌូរ៉ាស ដែលជាសម្ព័ន្ធមិត្តតៃវ៉ាន់ បាននិយាយថា ខ្លួននឹងងាកទៅបង្កើត ចំណងការទូតផ្លូវការជាមួយចិនវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៧ ខែមីនា ឆ្នាំ២០២៣។
លោក គ្រីស ដត (Chris Dodd) ដែលជាទីប្រឹក្សាពិសេសរបស់លោក បៃដិន ទទួលបន្ទុកកិច្ចការទ្វីបអាមេរិក នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសអាមេរិកកណ្តាលទាំងពីរ ចាប់ពីថ្ងៃទី១៧ ខែមីនា ដល់ថ្ងៃទី២១ ខែមីនា។ លោក ដត ដែលជាអតីតសមាជិកសភាអាមេរិកម្នាក់ផងដែរ នឹងត្រូវជួបជាមួយក្រុមមន្រ្តីរដ្ឋាភិបាល និងក្រុមអ្នកតំណាងវិស័យឯកជនរបស់ហុងឌូរ៉ាស ក៏ដូចជាក្រុមមន្រ្តីរដ្ឋាភិបាល និងក្រុមថ្នាក់ដឹកនាំវិស័យហិរញ្ញវត្ថុរបស់ប៉ាណាម៉ា។ ក្រសួងការបរទេសអាមេរិក បាននិយាយដូច្នេះថា «ការបំពេញទស្សនកិច្ចនេះ នឹងជួយជំរុញការប្តេជ្ញារបស់សហរដ្ឋអាមេរិក ដើម្បីកសាងកំណើនសេដ្ឋកិច្ច ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋប្រកបដោយបរិយាបន្ន នៅទូទាំងទ្វីបអាមេរិក។
គួរបញ្ជាក់ថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ សហរដ្ឋអាមេរិកបានផ្តោតសំខាន់ទៅលើ បញ្ហាប្រឈមផ្នែកអន្តោប្រវេសន៍និងសន្តិសុខ ដែលរាលដាលចេញមកពីតំបន់អាមេរិកកណ្តាល បូករួមទាំងអាទិភាពផ្នែកសេដ្ឋកិច្ចនិងការអភិវឌ្ឍនៅទីនោះ។ ប៉ុន្តែក្នុងពេលទន្ទឹមគ្នា ទីក្រុងវ៉ាស៉ីនតោនក៏មានក្តីបារម្ភផងដែរ ជុំវិញកិច្ចប្រឹងប្រែងរបស់ចិនក្នុងការពង្រីកឥទ្ធិពលខ្លួន នៅក្នុងតំបន់។
កាលពីថ្ងៃអង្គារសប្តាហ៍នេះ ប្រធានាធិបតីហុងឌូរ៉ាស លោកស្រី ស៉ីអូម៉ារ៉ា កាស្រ្តូ (Xiomara Castro) បានប្រកាសថា ប្រទេសរបស់លោកស្រីនឹងស្វែងរកការផ្សារភ្ជាប់ទំនាក់ទំនងការទូតផ្លូវការជាមួយទីក្រុងប៉េកាំង ដែលវាស្មើនឹងមានន័យថា ត្រូវកាត់ផ្តាច់ចោលចំណងការទូតផ្លូវការបច្ចុប្បន្នជាមួយកោះតៃវ៉ាន់ ដែលចិនចាត់ទុកជាផ្នែកមួយនៃដែនដីរបស់ខ្លួន។ កាលពីថ្ងៃពុធ ហុងឌូរ៉ាសបានអះអាងថា បញ្ហាសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គឺជាកត្តាដែលជំរុញឱ្យខ្លួនត្រូវដោះដៃចោលតៃវ៉ាន់ ហើយប្តូរយកចិនវិញ៕