(កង់បេរ៉ា)៖ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក អាន់តូនី អាល់បានីស (Anthony Albanese) កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បាននិយាយការពារផែនការតម្លៃជាង ២៤៤ពាន់លានដុល្លារអាមេរិក ស្តីពីការទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ នៅក្រោមក្របខណ្ឌ AUKUS បន្ទាប់ពីអតីតមេដឹកនាំអូស្រ្តាលី២រូប បានបញ្ចេញមតិរិះគន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៧ ខែមីនា ឆ្នាំ២០២៣។
ដោយត្រូវបានបង្ហាញនៅទីក្រុងសាន់ឌីអេហ្គោ (San Diego) កាលពីថ្ងៃអង្គារសប្តាហ៍នេះ គម្រោង AUKUS ខាងលើ នឹងមើលឃើញអូស្រ្តាលីទទួលបាន នាវាមុជទឹកអាមេរិកថ្នាក់ Virginia-class ប៉ុន្មានគ្រឿង នៅកំលុងទសវត្សរ៍ឆ្នាំ២០៣០ ហើយបន្ទាប់មកទីក្រុងកង់បេរ៉ានឹងចូលរួមជាមួយ ទីក្រុងឡុងដ៍និងទីក្រុងវ៉ាស៉ីនតោន ក្នុងការអភិវឌ្ឍ ផលិត និងធ្វើប្រតិបត្តិការ នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរថ្នាក់ថ្មីសន្លាងមួយ ហៅថា SNN-AUKUS។
បន្ទាប់ពីមានការរិះគន់ពីសំណាក់លោក ម៉ាខុម ថឺនប៊ូល (Malcolm Turnbull) និងលោក ផូល ឃីធីង (Paul Keating) ដែលសុទ្ធតែជាអតីតនាយករដ្ឋមន្រ្តី លោក អាល់បានីស បានលើកឡើងថា កិច្ចព្រមព្រៀងនាវាមុជទឹកនុយក្លេអ៊ែរ AUKUS គឺជារឿងចាំបាច់ ដោយសារការកើនឡើង នៃអំណាចយោធារបស់ចិននៅក្នុងតំបន់។
កាលពីថ្ងៃព្រហស្បតិ៍ លោក ថឺនប៊ូល បាននិយាយថា គម្រោង AUKUS នឹងប្រើប្រាស់ពេលវេលាយូរជាង ហើយចំណាយច្រើនខ្លាំងជាង ធៀបនឹងផែនការទិញនាវាមុជទឹកធម្មតាពីបារាំង ដែលត្រូវបានទីក្រុងកង់បេរ៉ាលុបចោល កាលពីឆ្នាំ២០២១។ ចំណែក លោក ឃីធីង កាលពីថ្ងៃពុធ បានហៅថាគម្រោង AUKUS ថា ជាកំហុសផ្នែកនយោបាយការបរទេសដ៏ធ្ងន់ធ្ងរបំផុតមួយ របស់គណបក្ស Labor ដែលកំពុងកាន់អំណាច គិតចាប់តាំងពីសម័យសង្រ្គាមលោកលើកទីមួយមក៕