(ប៉េកាំង)៖ អ្នកវិទ្យាសាស្ត្រចិនមួយក្រុមមានមូលដ្ឋានក្នុងទីក្រុងប៉េកាំង បាននិយាយថាមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM មួយគ្រាប់របស់កូរ៉េខាងជើង អាចវាយប្រហារចំ ភាគកណ្ដាលសហរដ្ឋអាមេរិក ត្រឹមរយៈពេល៣៣នាទី ប្រសិនបើប្រព័ន្ធការពារដែនអាកាសអាមេរិកបរាជ័យក្នុងការស្ទាក់ចាប់បំផ្លាញមីស៊ីលនេះ។ នេះបើតាមការដកស្រង់ ចេញផ្សាយពីសារព័ត៌មាន South China Morning Post។

South China Morning Post បានចេញផ្សាយការសិក្សាខាងលើរបស់ក្រុមអ្នកវិទ្យាសាស្ត្រចិនមកពីវិទ្យាស្ថាន Beijing Institute of Electronic System Engineering កាលពីថ្ងៃទី១៥ ខែមីនាកន្លងទៅនេះ។ បើតាមក្រុមអ្នកវិទ្យាសាស្ត្រចិន មីស៊ីល ICBM ស៊េរីវ៉ាសុង-១៥ (Hwasong-15) ដែលមានសមត្ថភាពពំាក្បាលគ្រាប់នុយក្លេអ៊ែរ របស់កូរ៉េខាងជើង និងដែលអាចបាញ់បានចម្ងាយប្រហែល ១៣,០០០គីឡូម៉ែត្រ គឺមានសមត្ថភាពគ្រប់គ្រាន់ក្នុងការវាយប្រហារគ្រប់ទីកន្លែងនៅក្នុងសហរដ្ឋអាមេរិក។

បន្ថែមពីលើនេះ មីស៊ីលវ៉ាសុង-១៥ នេះអាចវាយប្រហារចំភាគកណ្ដាលសហរដ្ឋអាមេរិកតែម្ដង ក្នុងរយៈពេល ១,៩៩៧វិនាទី ឬស្មើនឹង៣៣នាទី ក្នុងករណីដែលប្រព័ន្ធ ការពារដែនអាកាសអាមេរិក បរាជ័យស្ទាក់បំផ្លាញ។ ការសិក្សានេះដដែលក៏បានឱ្យដឹងដែរថាប្រព័ន្ធការពារដែនអាកាសអាមេរិកសព្វថ្ងៃ​ អាចនឹងមានការលំបាកក្នុងការ កំណត់អត្តសញ្ញាណ និងការពារប្រឆាំងនឹងការវាយប្រហារនេះ។

គួរបញ្ជាក់ថា ការសិក្សាខាងលើរបស់ក្រុមអ្នកវិទ្យាសាស្ត្រចិន គឺធ្វើឡើងតាមរយៈការឈ្វេងយល់ពីការវាយប្រហារដោយមីស៊ីល ICBM របស់កូរ៉េខាងជើង ចេញពីតំបន់ Sunchon នៃរដ្ឋធានីព្យុងយ៉ាង និងកំណត់គោលដៅលើទីក្រុង Columbia នៃរដ្ឋ Missouri សហរដ្ឋអាមេរិក៕