(អាថែន)៖ មនុស្សរាប់ម៉ឺននាក់បានធ្វើការតវ៉ានៅទូទាំងប្រទេសក្រិកនៅថ្ងៃព្រហស្បតិ៍ ទី១៦ មីនានេះ ខណៈកម្មករបានធ្វើកូដកម្មទ្រង់ទ្រាយធំ ដើម្បីសម្ដែងការខឹងសម្បារចំពោះគ្រោះមហន្តរាយរថភ្លើងកាលពីខែមុន ដែលបានសម្លាប់មនុស្ស ៥៧នាក់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។
សោកនាដកម្មថ្ងៃទី២៨ ខែកុម្ភៈបានលាតត្រដាងពីការបរាជ័យផ្នែកសុវត្ថិភាពជាច្រើនទសវត្សរ៍ នៅលើផ្លូវដែកក្រិក និងដាក់សម្ពាធយ៉ាងខ្លាំងលើរដ្ឋាភិបាលអភិរក្សនិយមមុនការបោះឆ្នោតជាតិ។
ប៉ូលីសបាននិយាយថា មនុស្សជាង ៤០,០០០នាក់បានតវ៉ានៅទូទាំងប្រទេសនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្នុងនោះមាន ២៥,០០០នាក់នៅទីក្រុងអាទែន និងប្រហែល ៨,៥០០នាក់នៅក្នុងទីក្រុង Thessaloniki និង Patras ដែលជាទីក្រុងធំទីពីររបស់ប្រទេស។
ក្រុមបាតុករមកពីសហភាពកុម្មុយនិស្ត PAME បានស្រែកថា «ឧក្រិដ្ឋកម្មនេះនឹងមិនត្រូវបានគេបំភ្លេចឡើយ» ខណៈហ្វូងមនុស្សដើរដង្ហែរមុខសភាក្នុងរដ្ឋធានី។
កូដកម្មរយៈពេល ២៤ម៉ោងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដែលជាចំនួនដ៏ធំបំផុតក្នុងរយៈពេលប៉ុន្មានថ្ងៃចាប់តាំងពីគ្រោះមហន្តរាយ បានចូលរួមដោយសហជីពវិស័យឯកជន និងសាធារណៈសំខាន់ៗរបស់ប្រទេសក្រិក។
គួរបញ្ជាក់ថា កាលពីខែមុនរថភ្លើងដឹកអ្នកដំណើរមួយគ្រឿង និងរថភ្លើងដឹកទំនិញមួយគ្រឿង បានបុកគ្នាយ៉ាងពេញទំហឹងដែលបណ្តាលឱ្យមនុស្សស្លាប់ ៥៧នាក់។ វាគឺជាគ្រោះថ្នាក់រថភ្លើងផ្តាច់ជីវិតមនុស្សច្រើនបំផុត ដែលប្រទេសក្រិកមិនធ្លាប់ជួបប្រទះឡើយ ក្នុងរយៈពេលប្រមាណជា៥០ឆ្នាំមកនេះ៕