(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយថា ប្រទេសចិនប្រឆាំងនឹងប្លុកផ្តាច់មុខនៃប្រទេសនីមួយៗ ហើយសង្ឃឹមថាទំនាក់ទំនងជប៉ុន-កូរ៉េខាងត្បូងនឹងអភិវឌ្ឍក្នុងទិសដៅដែលអំណោយផលដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០២៣។

លោក Wang Wenbin បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅពេលឆ្លើយសំណួរពាក់ព័ន្ធថា «ក្នុងនាមជាអ្នកជិតខាងដ៏ជិតស្និទ្ធរបស់ប្រទេសទាំងពីរ ប្រទេសចិនបានកត់សម្គាល់ពីអន្តរកម្មនាពេលថ្មីៗនេះរវាងប្រទេសជប៉ុន និងកូរ៉េខាងត្បូង និងការផ្លាស់ប្តូរនៅក្នុងទំនាក់ទំនងរបស់ពួកគេ»។

លោក Wang បានកត់សម្គាល់ថា ការឈ្លានពាន និងការគ្រប់គ្រងអាណានិគមនៃរបបយោធានិយមរបស់ជប៉ុនកាលពីអតីតកាល បាននាំមកនូវគ្រោះមហន្តរាយដ៏ធំដល់ប្រទេសចិន កូរ៉េខាងត្បូង ក៏ដូចជាអាស៊ីទាំងមូល។

ដោយកត់សម្គាល់ថា ប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង គឺជាដៃគូសេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏សំខាន់របស់គ្នាទៅវិញទៅមក លោក Wang បាននិយាយថា វាគឺជាផលប្រយោជន៍រួមរបស់ភាគីទាំងបី និងក្នុងតំបន់ ដើម្បីរួមគ្នារក្សាស្ថិរភាព និងខ្សែសង្វាក់ផ្គត់ផ្គង់ដោយគ្មានការរារាំងនៅកម្រិតតំបន់ និងពិភពលោក៕