(ប៉េកាំង)៖ ក្រសួងការបរទេសចិននៅថ្ងៃព្រហស្បតិ៍នេះ បានបញ្ចេញប្រតិកម្មឆ្លើយតបចំពោះការលើកឡើងរបស់ជប៉ុន ជុំវិញបញ្ហាវិវាទទឹកដីនៅសមុទ្រចិនខាងកើត បន្ទាប់ពីនាវាឆ្មាំសមុទ្រចិនបានធ្វើដំណើរចូលទៅកាន់ទីនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០២៣។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីន (Wang Wenbin) បាននិយាយដូច្នេះថា «នាវាឆ្មាំសមុទ្រចិនបានធ្វើប្រតិបត្តិការអនុច្បាប់នៅទីកន្លែងនោះ ដោយអនុលោមតាមច្បាប់ ហើយវាគឺជាចំណាត់ការស្របច្បាប់ ដើម្បីរក្សាការពារអធិបតេយ្យរបស់ចិន»។ លោក វ៉ាង បានលើកឡើងបែបនេះជាការឆ្លើយតប ចំពោះសំណួរស្តីពីការអះអាងរបស់ឆ្មាំសមុទ្រជប៉ុន ដែលនិយាយថា នាវាឆ្មាំសមុទ្រចិនបានបំពានចូលដែនទឹករបស់ជប៉ុន ជុំវិញតំបន់ទីប្រជុំកោះមានវិវាទនៅសមុទ្រចិនខាងកើត។
កាលពីថ្ងៃពុធសប្តាហ៍នេះ ឆ្មាំសមុទ្រចិនបាននិយាយថា នាវារបស់ខ្លួនបានចូលទៅដល់ក្នុងដែនទឹកក្បែរតំបន់ទីប្រជុំកោះមានវិវាទ នៅសមុទ្រចិនខាងកើត ដើម្បីទប់ទល់នូវអ្វីដែលខ្លួនហៅថា ជាការទន្រ្ទានរបស់នាវាជប៉ុនចូលមកក្នុងដែនទឹករបស់ចិន។ ទីប្រជុំកោះខាងលើ គឺត្រូវបានទាមទារដោយចិននិងជប៉ុន ហើយក៏ជាបញ្ហាស្នូលមួយ នៅក្នុងទំនាក់ទំនងទ្វេភាគីផងដែរ។ ចិនហៅទីប្រជុំកោះនោះថា ទាវយូ (Diaoyu) ខណៈជប៉ុនវិញហៅថា សិនកាគូ (Senkaku)។
គួរបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើង ចំពេលដែលនៅថ្ងៃព្រហស្បតិ៍នេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយ៉ុល កំពុងបំពេញទស្សនកិច្ចនៅទីក្រុងតូក្យ និងជួបជាមួយនាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអុ គីស៉ីដា ខណៈវាគឺជាដំណើរទស្សនកិច្ចលើកដំបូងបំផុត ក្នុងរយៈពេលជាងមួយទសវត្សរ៍ ដោយមេដឹកនាំកូរ៉េខាងត្បូង និងក្នុងគ្រាដែលសហរដ្ឋអាមេរិកសង្ឃឹមថា ប្រទេសជិតខាងទាំងពីរដែលមានជម្លោះប្រវត្តិសាស្រ្ត នឹងអាចបង្ហាញសាមគ្គីភាពគ្នាជាងមុន ប្រឆាំងទីក្រុងប៉េកាំង៕