(សិង្ហបុរី)៖ នាយករដ្ឋមន្រ្តីសិង្ហបុរី លោក លី សៀនឡុង (Lee Hsien Loong) នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា ប្រទេសសិង្ហបុរីនឹងធ្វើការជាមួយឥណ្ឌូណេស៉ី ព្រមទាំងបណ្តាប្រទេសអាស៊ានដទៃៗទៀត ហើយនិងដៃគូដូចជាអង្គការសហប្រជាជាតិ (UN) ជាដើម ដើម្បីព្យាយាមជំរុញឱ្យថ្នាក់ដឹកនាំនៃរបបយោធាមីយ៉ាន់ម៉ា យល់ព្រមចាប់ផ្តើមអនុវត្តផែនការសន្តិភាពដែលជាប់គាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០២៣។
លោក លី បានលើកឡើងដូចខាងលើ បន្ទាប់ពីជួបពិភាក្សាជាមួយ ប្រធានាធិបតីឥណ្ឌូណេស៉ី លោក ចូកូ វីដូដូ (Joko Widodo) ដែលបានមកបំពេញទស្សនកិច្ចនៅសិង្ហបុរី។ លោកនាយករដ្ឋមន្រ្តីសិង្ហបុរី បាននិយាយថា មេដឹកនាំប្រទេសទាំងពីរមានការសោកស្តាយ ដែលមិនមានភាពរីកចម្រើនអ្វី ស្តីពីផែនការសន្តិភាពផ្តួចផ្តើមឡើង ដោយអាស៊ានស្តីពីមីយ៉ាន់ម៉ា។ មីយ៉ាន់ម៉ាដែលជាសមាជិកមួយរបស់អាស៊ាន ត្រូវបានញាំញីដោយអំពើហិង្សាក៏ដូចជាភាពវឹកវរ ចាប់តាំងតែពីផ្ទុះរដ្ឋប្រហារយោធា កាលពីខែកុម្ភៈ ឆ្នាំ២០២១មក ដែលបានបិទបញ្ចប់ដំណើរការកំណែទម្រង់ប្រជាធិបតេយ្យរយៈពេលមួយទសវត្សរ៍ នៅក្នុងប្រទេសនេះ។
«សិង្ហបុរីនឹងបន្តធ្វើការជាមួយឥណ្ឌូណេស៉ី និងបណ្តាសមាជិកអាស៊ាន រួមទាំងដៃគូរបស់អាស៊ាន ដូចជា UN ជាដើម ដើម្បីជំរុញឱ្យមានការអនុវត្តយ៉ាងពេញលេញ នូវចំណុចឯកច្ឆន្ទទាំង៥»។ លោក លី សៀនឡុង បាននិយាយយ៉ាងដូច្នេះ ដោយលោកចង់សំដៅលើផែនការសន្តិភាព ដែលមេដឹកនាំយោធាមីយ៉ាន់ម៉ាបានព្រមព្រៀងគ្នា ជាមួយក្រុមមេដឹកនាំប្រទេសអាស៊ាន កាលពីខែមេសា ឆ្នាំ២០២១។ បច្ចុប្បន្នឥណ្ឌូណេស៉ី គឺជាប្រធានប្តូរវេនរបស់អាស៊ាន សម្រាប់ឆ្នាំនេះ៕