(វ៉ាស៉ីនតោន)៖ ទីភ្នាក់ងារអវកាសអាមេរិកណាសា (NASA) កាលពីថ្ងៃពុធសប្តាហ៍នេះ បានបង្ហាញគំរូទីមួយនៃឈុតអវកាសជំនាន់ថ្មី ដែលរចនាឡើងជាពិសេស សម្រាប់អវកាសយានិកក្រុមដំបូង ដែលនឹងត្រូវត្រឡប់ទៅជាន់លើផ្ទៃព្រះចន្ទសាឡើងវិញ ក្នុងពេលប៉ុន្មានឆ្នាំខាងមុខ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០២៣។
គំរូនៃឈុតសម្លៀកបំពាក់អវកាសខាងលើ ត្រូវបានតាំងបង្ហាញនិងធ្វើបទបង្ហាញ នៅឯមជ្ឈមណ្ឌលអវកាស ចនសុន ក្នុងទីក្រុងហ៊ូស្តុន (Houston) កំលុងព្រឹត្តិការណ៍មួយ ដែលរៀបចំឡើងសម្រាប់ក្រុមអ្នកសារព័ត៌មាននិងសិស្ស-និស្សិត ដោយ អាស៉ីអូ ស្ពេស (Axiom Space) ជាក្រុមហ៊ុនមានមូលដ្ឋាននៅរដ្ឋតិចសាស់ ដែលត្រូវទទួលបានកិច្ចសន្យាពី NASA ដើម្បីអភិវឌ្ឍឈុតអវកាស សម្រាប់អាទីមីស (Artemis) ដែលជាកម្មវិធីបេសកកម្មឋានព្រះចន្ទថ្មី បន្ទាប់ពីកម្មវិធី អាប៉ូឡូ (Apollo)។
បេសកកម្ម Artemis I ដែលជាការសម្ពោធប្រព័ន្ធរ៉ុក្កែតអវកាស SLS និងយានអវកាស Orion ជំនាន់ថ្មីរបស់ NASA នៅក្នុងបេសកកម្មសាកល្បងមួយ ដោយគ្មានអវកាសយានិក ឆ្ពោះទៅនិងត្រឡប់មកពីឋានព្រះចន្ទ បានបញ្ចប់ដោយជោគជ័យ កាលពីខែធ្នូ ឆ្នាំ២០២២។ NASA និងទីភ្នាក់ងារអវកាសរបស់កាណាដា កំពុងត្រៀមប្រកាសនៅថ្ងៃទី៣ ខែមេសា អំពីសមាសភាពអវកាសយានិក៤រូប ដែលត្រូវបានជ្រើសរើសសម្រាប់បេសកកម្ម Artemis II ដែលគ្រោងធ្វើឡើងកំលុងចុងឆ្នាំក្រោយ។
បេសកកម្ម Artemis II ក៏ដូចជាបេសកកម្ម Artemis I ដែរ គឺនឹងមិនទាន់មានការចុះចតនៅលើផ្ទៃព្រះចន្ទទេ។ ប៉ុន្តែប្រសិនបើ Artemis II ជោគជ័យនោះ វានឹងត្រួសត្រាយផ្លូវសម្រាប់ឱ្យក្រុមអវកាសយានិកនៃគម្រោងបេសកកម្ម Artemis III ធ្វើដំណើរទៅដល់លើផ្ទៃព្រះចន្ទជាថ្មីម្តងទៀត គិតចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៧០មក និងជាលើកដំបូងនៅប៉ូលខាងត្បូងរបស់ព្រះចន្ទ។
គួរបញ្ជាក់ថា អវកាសយានិក NASA ចំនួន១២រូប ធ្លាប់បានដើរនៅលើព្រះចន្ទ កំលុងបេសកកម្ម Apollo សរុបចំនួន៦ កាលពីចន្លោះឆ្នាំ១៩៦៩-ឆ្នាំ១៩៧២។ ខណៈគំរូឈុតអវកាសថ្មីដែលត្រូវបានបង្ហាញខាងលើ មានពណ៌ប្រផេះក្រម៉ៅលាយខៀវនិងទឹកក្រូចក៏ដោយ ក្រុមហ៊ុន Axiom Space បានអះអាងថា ឈុតដែលក្រុមអវកាសយានិក នឹងពាក់ពេលដើរនៅតំបន់ប៉ូលខាងត្បូងរបស់ព្រះចន្ទ នឹងមានពណ៌ស ដោយសារតែវាគឺជាពណ៌ល្អបំផុត ដើម្បីបំផ្លាតពន្លឺព្រះអាទិត្យ ដែលជះខ្លាំងមកលើផ្ទៃព្រះចន្ទះ ហើយការពារពួកគេពីកម្តៅកម្រិតខ្ពស់។ ឈុតអវកាសរបស់ក្រុមហ៊ុន Axiom Space នឹងអនុញ្ញាតឱ្យអវកាសយានិកធ្វើចលនាបានច្រើនបែបជាងមុន ហើយមិនថាអវកាសយានិកជាបុរសឬនារី ឬក៏មានទំហំខ្លួនខុសៗពីគ្នានោះទេ គឺសុទ្ធតែអាចស្លៀកវាបានដោយគ្មានបញ្ហា។
ដោយឡែក ក្រៅពីក្រុមហ៊ុនរដ្ឋតិចសាស់មួយនេះ ទីភ្នាក់ងារអវកាសអាមេរិក ក៏បានផ្តល់កិច្ចសន្យាឱ្យក្រុមហ៊ុនមួយទៀតឈ្មោះថា ខូលលីន អ៊ែរ៉ូស្ពេស (Collins Aerospace) នៃទីក្រុងឆាឡុត (Charlotte) រដ្ឋការ៉ូលីណាខាងជើង ដើម្បីប្រកួតប្រជែងបង្កើតឈុតអវកាសនាពេលអនាគត សម្រាប់ប្រើប្រាស់នៅលើផ្ទៃព្រះចន្ទ ក៏ដូចជាកំលុងការចេញបំពេញបេសកកម្មនៅក្រៅស្ថានីយអវកាសអន្តរជាតិ ISS ផងដែរ៕