(ប៉ារីស)៖ ប្រទេសបារាំងនៅថ្ងៃពុធសប្តាហ៍នេះ បានរងការចោទប្រកាន់ថាពន្យឺតផែនការរបស់សហភាពអឺរ៉ុប (EU) ដើម្បីបំពេញស្តុកគ្រាប់កាំភ្លើងធំរបស់អ៊ុយក្រែន ដែលកំពុងធ្លាក់ចុះ ដោយទាមទារឲ្យការផលិតអាវុធត្រូវធ្វើឡើងដោយសមាជិកនៃប្លុកនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០២៣។

បើតាមប្រភពពីមន្រ្តីសហភាពអឺរ៉ុប ទីក្រុងប៉ារីសចង់បានការធានាថា កិច្ចព្រមព្រៀងតម្លៃ ២ពាន់លានអឺរ៉ូ ឬស្មើនឹង២.១២ពាន់លានដុល្លារ ដើម្បីទិញអាវុធរួមគ្នាសម្រាប់អ៊ុយក្រែន នឹងផ្តល់ផលប្រយោជន៍ឲ្យតែក្រុមហ៊ុន ដែលមានមូលដ្ឋាននៅក្នុងសហភាពអឺរ៉ុបប៉ុណ្ណោះ។ ក្រុមមន្ត្រីបារាំងនិយាយថា មានតែក្រុមហ៊ុនការពារជាតិដែលមានមូលដ្ឋាននៅសហភាពអឺរ៉ុបប៉ុណ្ណោះ ដែលគួរតែត្រូវបានអនុញ្ញាតឲ្យចូលរួមនៅក្នុងកិច្ចព្រមព្រៀង ដែលអាចរកកម្រៃបានបែបនេះ។

នៅក្រោមគម្រោងនេះ ប្រទេសជាសមាជិកនឹងត្រូវបានផ្តល់ការលើកទឹកចិត្តជាសាច់ប្រាក់ ដើម្បីប្រមូលផ្តុំនិងសម្របសម្រួល ក្រុមហ៊ុនក្នុងប្រទេសរបស់ពួកគេ ជាមួយនិងក្តីរំពឹងពីការបញ្ជាទិញក្នុងទំហំធំគួរសម បញ្ចុះបញ្ចូលក្រុមហ៊ុនផលិតអាវុធឲ្យបង្កើនផលិតភាព។ ប៉ុន្តែ មន្រ្តីទូតសហភាពអឺរ៉ុបមួយរូប បានគូសបញ្ជាក់ថា «ប្រទេសសមាជិកជាច្រើនបានបង្ហាញគំនិតខុសៗគ្នាចំពោះបារាំង។ ប្រសិនបើយើងចង់ធ្វើសកម្មភាពភ្លាមៗ អ្វីដែលចាំបាច់នោះគឺការអនុញ្ញាតឲ្យក្រុមហ៊ុនមិនមែនសហភាពអឺរ៉ុបចូលរួមក្នុងគម្រោងនេះ ជាចាំបាច់»

គួរបញ្ជាក់ថា ភាពខ្វែងគំនិតគ្នានេះបានកើតមានឡើងអំឡុងពេលនៃការពិភាក្សាលើគម្រោងថ្មី ដឹកនាំដោយទីក្រុងប្រ៊ុចសែលដើម្បីទិញគ្រាប់កាំភ្លើងធំប្រភេទ ១៥៥មីលីម៉ែត្រចំនួន ១លានគ្រាប់ ដើម្បីជំរុញការផ្គត់ផ្គង់ដល់ទីក្រុងកៀវ និងបំពេញឃ្លាំងស្តុករបស់សមាជិក EU នីមួយៗផ្ទាល់៕