(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន (Lloyd Austin) បានឱ្យដឹងថាលោកផ្ទាល់បានបើកកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយសមភាគីរុស្ស៉ី លោក សឺហ្គៃ សយហ្គូ (Sergei Shoigu) បន្ទាប់ពីមហាអំណាចទាំង២ ដំឡើងសសៃក និងទម្លាក់ការទទួលខុសត្រូវដាក់គ្នាទៅវិញទៅមក ជុំវិញឧប្បត្តិហេតុធ្លាក់យន្ដហោះដ្រូនស៊ើបការណ៍ដ៏ធំមួយគ្រឿងរបស់សហរដ្ឋអាមេរិក នៅឯតំបន់សមុទ្រខ្មៅ កាលពីថ្ងៃអង្គារកន្លងទៅនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០២៣។

ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក ឡយដ៍ អូស្ទីន បាននិយាយថាលោកបានពិភាក្សាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការពារជាតិរុស្ស៉ី លោក សឺហ្គៃ សយហ្គូ កាលពីថ្ងៃពុធសប្ដាហ៍នេះ តែមិនបានបញ្ជាក់អ្វីលម្អិតពី កិច្ចសន្ទនាដ៏កម្រនេះឡើយ។ លោក អូស្ទីន បានបង្ហាញពីការអត់ធ្មត់ខ្ពស់ និងព្យាយាមបន្ធូរបន្ថយការព្រួយបារម្ភ ដោយបញ្ជាក់ថាសហរដ្ឋអាមេរិកមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបញ្ចៀសកុំឱ្យជម្លោះ ផ្ទុះឡើង ហើយនេះគឺជាអ្វីដែលលោកជឿថាវាពិតជាមានសារៈសំខាន់ក្នុងការរក្សាការទំនាក់ទំនងគ្នា។ «ដូចដែលខ្ញុំធ្លាប់និយាយម្ដងហើយម្ដងទៀត វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ដែលកំពូលមហាអំណាច ត្រូវប្រកាន់ភ្ជាប់នូវតម្លារភាព និងការទំនាក់ទំនង ហើយសហរដ្ឋអាមេរិកនឹងបន្តធ្វើការហោះហើរ និងធ្វើប្រតិបត្តិការទៅកាន់គ្រប់ទីកន្លែងដែលច្បាប់អន្តរជាតិអនុញ្ញាត»។ នេះជាការលើកឡើងរបស់លោក អូស្ទីន។

គួរបញ្ជាក់ថា យន្ដហោះដ្រូន MQ-9 Reaper មួយគ្រឿងរបស់សហរដ្ឋអាមេរិក បានធ្លាក់ចូលក្នុងតំបន់ដែនទឹកអន្តរជាតិនៃសមុទ្រខ្មៅកាលពីថ្ងៃអង្គារកន្លងទៅនេះ។ ខាងមន្ទីរបញ្ចកោណបានអះអាងថាយន្ដហោះ ចម្បាំងរុស្ស៉ី Su-27 មួយគ្រឿងក្នុងចំណោមពីរគ្រឿង បានបញ្ចេញសាំងលើយន្ដហោះដ្រូនអាមេរិក និងបានបុកទង្គិចស្លាបចក្រពីក្រោយ ជាហេតុបង្ខំឱ្យយោធាអាមេរិកបញ្ជាទម្លាក់យន្ដហោះដ្រូននេះចូល សមុទ្រខ្មៅ។ ប៉ុន្តែ ខាងរុស្ស៉ីវិញបានច្រានចោលការចោទប្រកាន់បែបនេះ ដោយនិយាយថាមិនមានការប៉ះទង្គិចគ្នាកើតឡើងនោះទេ។ ឧប្បត្តិហេតុយន្ដហោះដ្រូននេះ គឺជាការប៉ះទង្គិចគ្នាជាលើកដំបូងរវាង យន្ដហោះនៃប្រទេសទាំង២ ចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២មក។ មកទល់នឹងពេលនេះ មិនមានការបញ្ជាក់លម្អិតពីប្រតិបត្តិការស្រង់យកយន្ដហោះដ្រូនអាមេរិកនេះ នៅឡើយទេ ខណៈក្រុមមន្ត្រីអាមេរិកបារម្ភថារុស្ស៉ីអាចនឹងព្យាយាមស្រង់យកយន្ដហោះដ្រូននេះ ដើម្បីដោះកូដបច្ចេកវិទ្យាអាមេរិក៕