(ឡុងដ៍)៖ ក្រសួងការពារជាតិអង់គ្លេសបាននិយាយនៅថ្ងៃពុធនេះថា យន្តហោះចម្បាំងរបស់កងកម្លាំងទ័ពអាកាសអង់គ្លេស និងអាល្លឺម៉ង់បានព្យាយាមស្ទាក់ចាប់យន្តហោះរុស្ស៊ីមួយគ្រឿង ដែលហោះហើរនៅជិតដែនអាកាសប្រទេសអេស្តូនី ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើង អំពីការប្រឈមមុខដាក់គ្នានៅលើអាកាសក្បែរប្រទេសរុស្ស៊ី និងអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០២៣។
ចក្រភពអង់គ្លេស និងអាល្លឺម៉ង់កំពុងធ្វើបេសកកម្មយោធាផ្លូវអាកាសរួមគ្នានៅប្រទេសអេស្តូនី ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់ណាតូដើម្បីពង្រឹងផ្នែកខាងកើតរបស់ខ្លួនជាការឆ្លើយតបនឹងរុស្ស៊ី។
ក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេសបាននិយាយថា យន្តហោះចម្បាំង Typhoon បានឆ្លើយតបកាលពីថ្ងៃអង្គារ បន្ទាប់ពីយន្តហោះដឹកប្រេងលើអាកាសរបស់រុស្ស៊ីបានបរាជ័យក្នុងការទាក់ទងការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសរបស់អេស្តូនី។ យន្តហោះរុស្ស៊ីមិនបានចូលដែនអាកាសរបស់អេស្តូនីដែលជាសមាជិកណាតូទេ។
គួរបញ្ជាក់ថា ការស្ទាក់ចាប់បែបនេះគឺជាទម្លាប់ សូម្បីតែមុនពេលរុស្ស៊ីឈ្លានពានអ៊ុយក្រែនកាលពីឆ្នាំមុនក៏ដោយ យន្តហោះរបស់អង្គការណាតូបានចូលរួម ក្នុងការស្ទាក់ចាប់យន្តហោះរុស្ស៊ីប្រហែល ៤០០គ្រឿងជារៀងរាល់ឆ្នាំ។ ប៉ុន្តែឧប្បត្តិហេតុនេះកើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើង បន្ទាប់ពីយន្តហោះរុស្ស៊ី និងយន្តហោះគ្មានមនុស្សបើករបស់អាមេរិកបានបុកគ្នានៅសមុទ្រខ្មៅ៕