(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃអង្គារថា ទ្រឹស្ដីដែលថា ក្រុមសកម្មប្រយុទ្ធអ៊ុយក្រែនបានជាប់ពាក់ព័ន្ធក្នុងការផ្ទុះបំពង់បង្ហូរប្រេង Nord Stream កាលពីឆ្នាំមុន គឺពិតជាមិនសមហេតុសមផលនោះទេ» ដោយបានចោទថា សហរដ្ឋអាមេរិកជាអ្នកនៅពីក្រោយអ្វីដែលគាត់ហៅថា «ការវាយប្រហារបែបភេវកម្ម»។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងាសារព័ត៌មានស៊ីនហួរ នៅថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០២៣។

លោក ពូទីន បានប្រាប់កម្មវិធីទូរទស្សន៍រុស្ស៊ី នៅក្នុងបទសម្ភាសន៍មួយយ៉ាងដូច្នេះថា «យើងត្រូវតែស្វែងរកភាគីដែលទទួលបានប្រយោជន៍ជានិច្ច។ តាមទ្រឹស្តី សហរដ្ឋអាមេរិកជាភាគីដែលទទួលបានផលប្រយោជន៍ច្រើនជាងគេ ក្នុងការបញ្ឈប់ការផ្គត់ផ្គង់ថាមពលរុស្ស៊ី និងឧស្ម័នធម្មជាតិរាវទៅកាន់ទីផ្សារអឺរ៉ុប ទោះបីជាវាមានតម្លៃថ្លៃជាង ២៥-៣០% ក៏ដោយ»

លោក ពូទីន បាននិយាយបន្តថា «វាពិតជាលំបាកណាស់សម្រាប់ពួកយើង ក្នុងការធ្វើការស៊ើបអង្កេតដោយខ្លួនឯង ប្រសិនបើយើងមិនត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងកន្លែងកើតហេតុ នៃការវាយប្រហារភេរវកម្មនេះ។ ការពិតដែលថា វាជាការវាយប្រហារភេរវកម្មមិនមែន ជាការសម្ងាត់សម្រាប់នរណាម្នាក់ទៀតទេ...ជាក់ស្តែងការវាយប្រហាររបស់ភេរវករត្រូវបានធ្វើឡើងនៅថ្នាក់ជាតិ ពីព្រោះគ្មានអ្នកស្ម័គ្រចិត្តណាអាចធ្វើរឿងបែបនេះបានទេ»

លោកបានពន្យល់ថា «ការផ្ទុះដ៏ខ្លាំងក្លាបែបនេះនៅកន្លែងជ្រៅបែបនេះ អាចត្រូវបានអនុវត្តដោយអ្នកជំនាញ និងការគាំទ្រដោយថាមពលនៃប្រទេសនីមួយៗដែលមានបច្ចេកវិទ្យាជាក់លាក់»

លោក ពូទីន បាននិយាយទៀតថា រុស្ស៊ីបានស្នើឱ្យអាជ្ញាធរដាណឺម៉ាក ពិនិត្យមើលបំពង់បង្ហូរប្រេង Nord Stream ពីព្រោះឧបករណ៍បំផ្ទុះនៅតែអាចដាក់នៅទីនោះ ប៉ុន្តែ «ចម្លើយគឺមិនច្បាស់លាស់... ពួកគេបាននិយាយថា យើងត្រូវរង់ចាំ»