(ព្យុងយ៉ាង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង នៅថ្ងៃពុធនេះបានរាយការណ៍ថា ការបាញ់មីស៉ីលលើកចុងក្រោយបំផុតគឺជាសមយុទ្ធយោធា ដែលធ្វើឡើងដើម្បីបង្វឹកសមត្ថភាពកងកម្លាំងរបស់ខ្លួន ឲ្យបំពេញបេសកកម្មពេលណាក៏បាន និង «កម្ចាត់សត្រូវ» ប្រសិនបើចាំបាច់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារមាន AFP នៅថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០២៣។

យោធាកូរ៉េខាងត្បូង បានឲ្យដឹងថា ទីក្រុងព្យុងយ៉ាងបានបាញ់មីស៉ីលផ្លោងរយៈចម្ងាយខ្លី២គ្រាប់ ចូលសមុទ្រចេញពីឆ្នេរភាគខាងកើតរបស់ខ្លួននៅថ្ងៃអង្គារសប្តាហ៍នេះ ចំពេលដែលកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក រៀបចំសមយុទ្ធយោធារួមគ្នាដ៏ធំបំផុតមិនធ្លាប់មានក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។

បើតាម KCNA កងកម្លាំងកូរ៉េខាងជើងប្រាកដថានឹងកម្ទេចសត្រូវបាន ប្រសិនបើមានការប្រយុទ្ធគ្នា។ មេបញ្ជាការនៃអង្គភាពបានតាំងចិត្តយ៉ាងម៉ត់ចត់ដើម្បីបំពេញកាតព្វកិច្ចរបស់ខ្លួន ក្នុងការវាយលុកគ្រប់ពេលវេលា ដោយបង្កើនការហ្វឹកហ្វឺនដល់គ្រប់កងកម្លាំងបាញ់មីស៉ីល។

គួរបញ្ជាក់ថា មីស៊ីលផ្លោងយុទ្ធសាស្ត្រពីដីទៅដីចំនួន២គ្រាប់ ត្រូវបានបាញ់ចេញពីទីតាំងក្បែរឆ្នេរសមុទ្រភាគខាងលិចនៃខេត្ត South Hwanghae របស់កូរ៉េខាងជើង ដោយហោះចម្ងាយប្រហែល ៦១១គីឡូម៉ែត្រ មុនពេលធ្លាក់លើគោលដៅនៃកោះតូចមួយ។ ការបាញ់មីស៉ីលនេះធ្វើឡើង កំលុងពេលដែលកងកម្លាំងកូរ៉េខាងត្បូង និងអាមេរិក ធ្វើសមយុទ្ធរួមគ្នារយៈពេល ១១ថ្ងៃ ដែលគេឲ្យឈ្មោះថា «Freedom Shield 23»៕