(សិង្ហបុរី)៖ ជើងហោះហើរមួយរបស់ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី (SIA) ត្រូវបានចុះចតបន្ទាន់នៅទីក្រុងចូហាន់នីសស្បឺគ (Johannesburg) នៃប្រទេសអាហ្រ្វិកខាងត្បូង អស់រយៈពេលជាច្រើនម៉ោង បន្ទាប់ពី មានការគំរាមបំផ្ទុះគ្រាប់បែក នៅថ្ងៃអង្គារសប្តាហ៍នេះ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០២៣។

ឆ្លើយតបនឹងសំណួររបស់ CNA ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី បានឲ្យដឹងថា ជើងហោះហើរលេខ SQ478 ដែលចេញដំណើរពីសិង្ហបុរីទៅកាន់រដ្ឋធានីខេប ថោន (Cape Town) របស់ប្រទេសអាហ្វ្រិកខាងត្បូង ឆ្លងកាត់តាមទីក្រុង Johannesburg ត្រូវបង្ខំចិត្តសំចតនៅទីនោះ បន្ទាប់ពី SIA ទទួលបានការជូនដំណឹងអំពីការគំរាមកំហែងពីគ្រាប់បែក។ អ្នកដំណើរទាំងអស់ ៥៨នាក់ និងសមាជិកអាកាសយានិកចំនួន ១៥នាក់ បានចាកចេញលើយន្តហោះដោយសុវត្ថិភាព ក្រោយពីយន្តហោះចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ OR Tambo នៅក្នុងទីក្រុង Johannesburg។ បើតាម SIA ខ្លួនមានការយកចិត្តទុកដាក់លើសុវត្ថិភាពរបស់ អតិថិជន និងបុគ្គលិកយ៉ាងខ្លាំង ដូច្នេះមិនអាចផ្តល់ព័ត៌មានលម្អិតបន្ថែមបានទេជុំវិញករណីនេះ ព្រោះវាជាបញ្ហាសុវត្ថិភាព។

គួរបញ្ជាក់ថា បន្ទាប់ពីបញ្ចប់ការត្រួតពិនិត្យសន្តិសុខ យន្តហោះខាងលើនេះបានចាកចេញពីទីក្រុង Johannesburg នៅម៉ោង ១២និង៣៧នាទីថ្ងៃត្រង់ ហើយទៅដល់រដ្ឋធានី Cape Town នៅម៉ោង ២និង២៩នាទីរសៀល (ម៉ោងក្នុងតំបន់) គឺយឺតយាវប្រហែល ៥ម៉ោង នៃកាលវិភាគកំណត់៕