(ប៉ារីស)៖ យោធាអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ បានអះអាងថាយន្ដហោះចម្បាំងរុស្ស៉ីមួយគ្រឿង បានចាក់សាំងចោលយន្ដហោះលើដ្រូនអាមេរិកមួយគ្រឿង នៅលើដែនអាកាសសមុទ្រខ្មៅ ហើយក្រោយមក បានបុកទង្គិចដោយធ្វើឱ្យយន្ដហោះដ្រូននេះធ្លាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០២៣។
ទីបញ្ជាការយោធាអាមេរិកប្រចាំតំបន់អឺរ៉ុប បានឱ្យដឹងថា យន្ដហោះចម្បាំងរុស្ស៉ី Su-27 ចំនួន២គ្រឿងបានហោះស្ទាក់យន្ដហោះដ្រូន MQ-9 Reaper នៅលើដែនទឹកអន្តរជាតិនៃតំបន់សមុទ្រខ្មៅ។ ទីបញ្ជាការ អាមេរិកមួយនេះបន្ថែមទៀតថា មុនហោះបំបុក យន្ដហោះចម្បាំរុស្ស៉ី Su-27 មួយគ្រឿងបានចាក់សាំងចោលលើយន្ដហោះដ្រូន MQ-9 Reaper ហើយបានហោះពីមុខយន្ដហោះដ្រូននេះ ដែលនេះជាសកម្មភាព គ្មានទំនួលខុសត្រូវ និងគ្មានវិជ្ជាជីវៈទាល់តែសោះ។ ចំណែកឯ ខាងក្រសួងការបរទេសអាមេរិក ក៏បានកោះហៅអគ្គរដ្ឋទូតរុស្ស៉ីប្រចាំទីក្រុងវ៉ាស៊ីនតោន ដើម្បីបង្ហាញការតវ៉ាផងដែរ។ ប៉ុន្តែ ទីក្រុងមូស្គូ បានច្រានចោលការចោទប្រកាន់ពីសំណាក់សហរដ្ឋអាមេរិក ខណៈមន្ទីរបញ្ចកោណអះអាងថាយន្ដហោះដ្រូនរបស់ខ្លួនបានធ្វើសកម្មភាពហោះហើរក្នុងបេសកកម្មតាមទម្លាប់ធម្មតាប៉ុណ្ណោះ។
គួរបញ្ជាក់ថា យន្ដហោះដ្រូន MQ-9 Reaper ផលិតដោយក្រុមហ៊ុនអាមេរិក General Atomics។ យន្ដហោះដ្រូននេះអាចបំពាក់មីស៊ីល Hellfire រួមជាមួយគ្រាប់ភ្ជាប់ជាមួយឡាស៊ែរកំណត់គោលដៅ និងអាច ហោះបានចម្ងាយជាង ១,៧៧០គីឡូម៉ែត្រ នៅរយៈកម្ពស់ ១៥,០០០ម៉ែត្រ។ ដោយឡែក បើតាមរបាយការណ៍សេវាស្រាវជ្រាវនៃសភាអាមេរិក ក្រុមហ៊ុន General Atomics បានផលិតយន្ដហោះដ្រូន MQ-9 Reaper ចំនួន ៣៦០គ្រឿង ចាប់តាំងពីកម្មវិធីផលិតចាប់ផ្ដើមកាលពីឆ្នាំ២០០៧មក។ យន្ដហោះដ្រូន MQ-9 Reaper ក្នុងមួយគ្រឿងមានតម្លៃជាង ៣០លានដុល្លារក្នុងពេលបច្ចុប្បន្ន ហើយដ្រូនប្រភេទនេះ ក៏ធ្លាប់ធ្លាក់ និងត្រូវបានបាញ់ទម្លាក់ នាពេលកន្លងមកដែរ តួយ៉ាងដូចជាត្រូវបានបាញ់ទម្លាក់ដោយមីស៊ីលក្រុមឧទ្ទាមហ៊ូទីគំាទ្រដោយអ៉ីរ៉ង់កាលពីឆ្នាំ២០១៩ នៅប្រទេសយេម៉ែន និងធ្លាក់នៅលីប៊ីក្នុងឆ្នាំ ២០២២៕