(សេអ៊ូល)៖ មន្រ្តីកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃអង្គារនេះថា ប្រធានាធិបតី លោក យូន ស៊ុកយុល (Yoon Suk Yeol) នឹងធ្វើទស្សនកិច្ចនៅប្រទេសជប៉ុនដើម្បីជួបនាយករដ្ឋមន្រ្តី លោក ហ្វូមីអូ គីស៉ិដា ប៉ុន្មានថ្ងៃបន្ទាប់ពីទីក្រុងសេអ៊ូល ប្រកាសពីផែនការដើម្បីបញ្ចប់ជម្លោះប្រវត្តិសាស្រ្តជុំវិញការបង្ខំកម្លាំងពលកម្មក្នុងសម័យសង្គ្រាម។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០២៣។

ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់លោក យូន ទៅកាន់ប្រទេសជប៉ុន នឹងចាប់ផ្តើមពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំកូរ៉េខាងត្បូង ក្នុងរយៈពេល ១២ឆ្នាំ។ ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតីកូរ៉េខាងត្បូង គឺលោក គីម សុងហាន (Kim Sung-han) បានប្រាប់សន្និសីទសារព័ត៌មានឲ្យដឹងថា «ដំណើរទស្សនកិច្ចនេះ នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងការធ្វើឲ្យប្រសើរឡើង នូវទំនាក់ទំនងរវាងកូរ៉េខាងត្បូង និងជប៉ុន ដែលត្រូវបានលើកកម្ពស់ក្រោមអាណត្តិរដ្ឋាភិបាលរបស់លោក យូន។

គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងត្បូងបានប្រកាសកាលពីសប្តាហ៍មុនថា ក្រុមហ៊ុនរបស់ខ្លួននឹងផ្តល់សំណងដល់ជនរងគ្រោះ ដែលត្រូវបានបង្ខំឲ្យធ្វើការកំលុងពេលនៃអាណានិគមរបស់ជប៉ុន ឆ្នាំ១៩១០ដល់ឆ្នាំ១៩៤៥ ដោយស្វែងរកការបញ្ចប់ជម្លោះដែលបានធ្វើឲ្យខូច ដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នា ប្រឆាំងប្រទេសចិន និងកូរ៉េខាងជើង ដឹកនាំដោយសហរដ្ឋអាមេរិក៕