(វ៉ាស៉ីនតោន)៖ ឆ្លើយតបនឹងសេចក្តីថ្លែងការណ៍របស់អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គៃ វឺស៉ីនីន (Sergey Vershinin) អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក នេត ប្រាយស៍ (Ned Price) នៅថ្ងៃចន្ទសប្តាហ៍នេះបាននិយាយថា សហរដ្ឋអាមេរិកមិនយល់ស្របឡើយថា ការលើកលែងក្នុងទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងរុស្ស៉ី ពាក់ព័ន្ធនឹងការនាំចេញអាហារ និងជី មិនដំណើរការនោះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០២៣។

លោក ប្រាយស៍ បានគូសបញ្ជាក់ថា «កន្លងមក អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានគូសបញ្ជាក់ពីឧបសគ្គ ដែលនៅតែមានចំពោះការនាំចេញកសិផលរុស្ស៊ី។ នោះវាមានន័យថា ការលើកលែងទណ្ឌកម្មសម្រាប់អាហារ និងជី ដែលចែងដោយទីក្រុងព្រុចសែល វ៉ាស៉ីនតោន និងទីក្រុងឡុងដ៍ មិនបានដំណើរការនោះទេ។ ហើយថ្មីៗនេះ រុស្ស៉ីក៏បាននិយាយអំពីមូលហេតុដែលការនាំចេញគ្រាប់ធញ្ញជាតិតាមសមុទ្រខ្មៅ មិនអាចពន្យារពេលបន្ថែមបាន»

លោក ប្រាយស៍ បានបន្ថែមថា «យើងពិបាកនឹងជឿណាស់ នៅពេលដែលពួកយើង ហើយនិងពិភពលោកទាំងមូលដឹងច្បាស់ថា ការនាំចេញស្បៀងអាហារ និងជីរបស់រុស្សី បានត្រលប់ទៅរកកម្រិតដូចមុនពេលមានសង្រ្គាមវិញហើយ។ ប៉ុន្តែនៅពេលដែលយើងបានឮ រុស្សីថាពួកគេកំពុងត្រូវបានរារាំង ពីការនាំចេញគ្រាប់ធញ្ញជាតិ និងជី នោះវាមិនមែនជាការពិតឡើយ»

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងស្តីពីការនាំចេញស្បៀងអាហារពីអ៊ុយក្រែនតាមច្រកសមុទ្រខ្មៅ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ នៅទីក្រុងអ៉ីស្តង់ប៊ុលនៃប្រទេសតួកគី មានសុពលភាពរហូតដល់ ១២០ថ្ងៃ។ នៅពេលនោះ អង្គការសហប្រជាជាតិ (UN) ក៏បានលុបចោលការរឹតបន្តឹង ដែលរារាំងការនាំចេញផលិតផលកសិកម្ម និងជី របស់រុស្ស៊ី។ ក្រោមមក កិច្ចព្រមព្រៀងដដែលនេះ ត្រូវបានពន្យារយៈពេល ១២០ថ្ងៃទៀត ដែលត្រូវផុតកំណត់នៅថ្ងៃទី១៨ ខែ មីនា ឆ្នាំ២០២៣។ ខណៈភាគីពាក់ព័ន្ធកំពុងបន្តចរចា លោក វឺស៉ីនីន និយាយថា រុស្ស៊ីយល់អាចព្រមពន្យារកិច្ចព្រមព្រៀងទៀត ប៉ុន្តែសម្រាប់រយៈពេលតែ៦០ថ្ងៃប៉ុណ្ណោះ៕