(មូស្គូ)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ វិមានក្រឹមឡាំងបាននិយាយថា ខ្លួនមិនបដិសេធទាំងស្រុងតែម្តងនោះឡើយ ជុំវិញលទ្ធភាពប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលរវាងមេដឹកនាំក្រុមប្រទេស G20 ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៩-១០ ខែកញ្ញា ក្នុងរដ្ឋធានីញូដេលីនៃប្រទេសឥណ្ឌា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០២៣។
នៅពេលក្រុមអ្នកកាសែតសាកសួរថា តើលោក ពូទីន អាចនឹងទៅចូលរួមកិច្ចប្រជុំកំពូល G20 នៅឥណ្ឌា ដែរឬយ៉ាងណានោះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បានឆ្លើយតបទៅវិញយ៉ាងដូច្នេះថា «លទ្ធភាពគឺមិនអាចត្រូវបដិសេធទាំងស្រុងឡើយ។ ប្រទេសរុស្ស៉ីបន្តចូលរួមយ៉ាងពេញលេញក្រោមក្របខណ្ឌ G20 ហើយមានបំណងនៅតែបន្តធ្វើបែបនោះទៀត។ យ៉ាងណាក្តី មិនទាន់មានការសម្រេចចិត្តផ្លូវការណាមួយ ត្រូវបានធ្វើឡើងនៅឡើយទេ»។
គួរបញ្ជាក់ថា គិតចាប់តាំងតែពីរូបលោក បានចេញបញ្ជាឱ្យយោធារុស្ស៉ីលើកទ័ពចូលឈ្លានពានអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ មកទល់នឹងពេលនេះ លោក វ៉្លាឌីមៀ ពូទីន មិនទាន់បានធ្វើដំណើរហួសពីព្រំប្រទល់នៃអតីតសហភាពសូវៀតនៅឡើយទេ ពោលគឺលោកប្រធានាធិបតីរុស្ស៉ី បានត្រឹមធ្វើទស្សនកិច្ចទៅកាន់បណ្តាប្រទេសនៅតំបន់អាស៉ីកណ្តាល ដែលជាអតីតរដ្ឋសូវៀតប៉ុណ្ណោះ។ ចំណែកកាលពីកិច្ចប្រជុំកំពូល G20 ខែវិច្ឆិកា ឆ្នាំមុន ដែលធ្វើឡើងនៅលើកោះបាលីនៃប្រទេសឥណ្ឌូណេស៉ី គឺលោក ពូទីន មិនបានចូលរួមទេ ដោយរដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ បានទៅចូលរួមជំនួស៕