(ម៉ានីល)៖ ហ្វីលីពីន និងសហរដ្ឋអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះបានចាប់ផ្ដើមធ្វើសមយុទ្ធយោធារួមគ្នាមួយ ដែលផ្ដោតជាសំខាន់លើការពង្រឹងសមត្ថភាពរបស់ហ្វីលីពីន ក្នុងការការពារ ទឹកដីរបស់ខ្លួនពីការគំរាមកំហែងពីកម្លាំងខាងក្រៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០២៣។

សមយុទ្ធយោធារួមគ្នាខាងលើ កើតមានឡើងបន្ទាប់ពីប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បានសម្រេចចិត្តកាលពីខែកុម្ភៈកន្លងទៅ ដោយអនុញ្ញាតឱ្យសហរដ្ឋអាមេរិក ចូលប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនបន្ថែម ដែលជាការសម្រេចចិត្តមួយបង្កការខឹងសម្បារដល់ទីក្រុងប៉េកាំង។ យោធាហ្វីលីពីន និងអាមេរិកជាង ៣,០០០នាក់ បាននិងកំពុងចូលរួមក្នុង លំហាត់សឹកប្រចាំឆ្នាំមានឈ្មោះថា សាឡាក់នីប (Salaknib) ដែលមានរយៈពេលដល់ទៅ៣សប្ដាហ៍ ជាមួយការហ្វឹកហាត់បាញ់គ្រាប់ពិតលក្ខណៈទ្រង់ទ្រាយតូច ដូចជាកាំភ្លើងធំ ជាដើម។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយពីធីបើកការធ្វើសមយុទ្ធយោធា ប្រមុខកងទ័ពហ្វីលីពីន លោកឧត្ដមសេនីយ៍ឯក រ៉ូមីអូ ប្រោននឺ (Romeo Brawner) បានគូសបញ្ជាក់ដូច្នេះថា «សេណារីយ៉ូនៃការធ្វើសមយុទ្ធយោធានេះ នឹងមានបញ្ចូលការពង្រឹងសមត្ថភាពហ្វីលីពីន ក្នុងការការពារដែនកោះរបស់ខ្លួនពីកម្លាំងបរទេសឈ្លានពានណាមួយ...ហើយយើងនឹងផ្ដោត ជាសំខាន់លើប្រតិបត្តិការការពារជាតិដូចជាការការពារដែនអាកាស និងប្រតិបត្តិការការពារតំបន់ឆ្នេរ»

គួរបញ្ជាក់ថា នៅក្រោមកិច្ចព្រមព្រៀងកាលពីខែកុម្ភៈកន្លងទៅ ហ្វីលីពីនបានយល់ព្រមឱ្យសហរដ្ឋអាមេរិកចូលប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួន ៤បន្ថែម ដែលធ្វើឱ្យចំនួនមូលដ្ឋានទ័ព ដែលអាមេរិកអាចប្រើបានកើនដល់ ៩។ ប៉ុន្តែចិនបានរិះគន់ថានេះគឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់អាមេរិក ដើម្បីឡោមព័ទ្ធ និងគ្រប់គ្រងចិន តាមរយៈសម្ព័ន្ធភាពយោធារបស់ខ្លួន ជាមួយហ្វីលីពីន៕