(សេអ៊ូល)៖ នៅថ្ងៃចន្ទនេះ កូរ៉េខាងត្បូងបានផ្តល់ភ្លើងបៃតង ចំពោះគម្រោងធំៗមួយចំនួននៃវិស័យយោធា ដែលពាក់ព័ន្ធការទិញយន្តហោះចម្បាំង F-35A បន្ថែម រួមទាំងការទិញមីស៉ីលបាញ់ស្ទាក់​ SM-6 សម្រាប់បំពាក់លើនាវា ស្របពេលដែលប្រទេសអាស៉ីខាងកើតមួយនេះ កំពុងខំប្រឹងពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួន ដើម្បីទប់ទល់ប្រឆាំងនឹងការគំរាមកំហែងផ្នែកយោធារបស់កូរ៉េខាងជើង ដែលកំពុងវិវត្តទៅមុខកាន់តែខ្លាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ នៅថ្ងៃចន្ទ ទី១៣ ខែមីនា ឆ្នាំ២០២៣។

ទីភ្នាក់ងារទទួលបន្ទុកណែនាំនិងអភិវឌ្ឍសព្វាវុធ ហៅកាត់ DAPA របស់កូរ៉េខាងត្បូង បាននិយាយថា គណៈកម្មាធិការលើកកម្ពស់គម្រោងការពារជាតិ ទើបតែបានអនុម័តគាំទ្រចំពោះផែនការមួយ ដែលមានតម្លៃ៣.៧៥ទ្រីលានវ៉ុន (២.៨៥ពាន់លានដុល្លារ) ដើម្បីទិញយន្តហោះចម្បាំងបំបាំងកាយ F-35A ផលិតដោយសហរដ្ឋអាមេរិក ដែលមានរយៈពេលរហូតដល់ឆ្នាំ២០២៨។ ទីភ្នាក់ងារ DAPA មិនបានបង្ហើបឱ្យដឹងពីចំនួនជាក់លាក់ នៃយន្តហោះដែលទីក្រុងសេអ៊ូល គ្រោងទិញបន្ថែមឡើយ។ បច្ចុប្បន្នកងទ័ពអាកាសកូរ៉េខាងត្បូង កំពុងធ្វើប្រតិបត្តិការយន្តហោះចម្បាំង F-35A ចំនួន៤០គ្រឿង ដែលផលិតដោយក្រុមហ៊ុនអាមេរិក ឡុកឃីដ ម៉ាទីន (Lockheeds Martin)។

គណៈកម្មាធិការខាងលើ ក៏បានអនុម័តផែនការទិញដំណាក់កាលទីមួយ សម្រាប់មីស៉ីល SM-6 ដែលផលិតដោយក្រុមហ៊ុនអាមេរិក រេធីអន តិចណូឡូជី (Raytheon Technologies) ផងដែរ ខណៈវាជាផ្នែកនៃគម្រោងមួយមានពីរដំណាក់កាល និងតម្លៃ៧៧០ពាន់លានវ៉ុន (ជិត៦០០លានដុល្លារ) ដែលមានរយៈពេលចាប់ពីឆ្នាំនេះ រហូតដល់ឆ្នាំ២០៣១ ជាមួយគោលដៅពង្រឹងសមត្ថភាពទប់ទល់ ការគំរាមកំហែងពីយន្តហោះនិងមីស៉ីលរបស់សត្រូវ។ កងទ័ពជើងទឹកកូរ៉េខាងត្បូងគ្រោង​បំពាក់មីស៉ីល SM-6 នៅលើនាវាពិឃាដថ្នាក់ KDX-III-class ដែលខ្លួននឹងដាក់ដំណើរការ ក្នុងពេលប៉ុន្មានឆ្នាំខាងមុខ។

គួរបញ្ជាក់ថា ក្រៅពីគម្រោងទិញសព្វាវុធទាំងពីរខាងលើពីសហរដ្ឋអាមេរិក កូរ៉េខាងត្បូងក៏បានអនុម័តគម្រោងពីរផ្សេងទៀតផងដែរ ដោយក្នុងនោះមួយមានតម្លៃ ១.៥៥ទ្រីលានវ៉ុន (១.១៨ពាន់លានដុល្លារ) ដើម្បីអភិវឌ្ឍប្រព័ន្ធមីស៉ីលបាញ់ផ្លោងពីផ្ទៃដីទៅផ្ទៃដី សម្រាប់ឆ្នាំ២០២៣-២០៣២ ជាមួយគោលបំណង បង្កើនសមត្ថភាព​វាយប្រហារចំគោលដៅ របស់យោធា។ ចំណែកគម្រោងមួយទៀត មានតម្លៃ៦៩០ពាន់លានវ៉ុន (៥៣០លានដុល្លារ) ចាប់ពី​ឆ្នាំ២០២៣ ដល់ឆ្នាំ២០៣០ សម្រាប់ការស្រាវជ្រាវនិងផលិតក្នុងស្រុក នូវមីស៉ីលប្រភេទបាញ់ចេញពីនាវាទៅផ្ទៃអាកាស ដែលនឹងត្រូវដាក់ពង្រាយនៅលើនាវាពិឃាដថ្នាក់ KDDX-class ដែលកំពុងស្ថិតក្រោមការអភិវឌ្ឍ៕