(ប៉េកាំង)៖ នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសចិន លោក លី ឈាង (Li Qiang) បានប្រាប់សន្និសីទសារព័ត៌មានមួយ នៅថ្ងៃចន្ទនេះថា សេដ្ឋកិច្ចរបស់ចិន និងសហរដ្ឋអាមេរិកមានជាប់ពាក់ព័ន្ធគ្នាទៅវិញទៅមកយ៉ាងខ្លាំង ដូច្នេះប្រទេសទាំងពីរគួរតែសហការគ្នាដោយភាពសាមញ្ញ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃចន្ទ ទី១៣ ខែមីនា ឆ្នាំ២០២៣។

ថ្លែងកំលុងការបិទសម័យប្រជុំលើកដំបូងនៃសភាតំណាងប្រជាជនជាតិ នីតិកាលទី១៤ លោក លី បានគូសបញ្ជាក់ថា «ខ្ញុំបានកត់សម្គាល់ឃើញថា មន្រ្តីអាមេរិកមួយចំនួនបានពិភាក្សាគ្នាអំពីបំណងផ្តាច់ទំនាក់ទំនង ជាមួយប្រទេសចិនក្នុងប៉ុន្មានរយៈពេលឆ្នាំថ្មីៗនេះ។ ពេលខ្លះប្រធានបទនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ។ ប៉ុន្តែខ្ញុំមិនដឹងទេ ថាតើមានមនុស្សប៉ុន្មាននាក់អាចទទួលបានអត្ថប្រយោជន៍ពីវា»។

ដោយលើកឡើងពីកិច្ចសហប្រតិបត្តិការទ្វេភាគី លោក លី បានបន្ថែមថា «ការរារាំងនិងដាក់សម្ពាធ នឹងមិនផ្តល់ប្រយោជន៍ដល់អ្នកណាម្នាក់ឡើយ។ សេដ្ឋកិច្ចនៃប្រទេសយើងទាំងពីរមានភាពប្រទាក់ក្រឡាគ្នា ខណៈដែលទំហំពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិក បានកើនឡើងដល់ចំនួន ៧៦០ពាន់លានដុល្លារ កាលពីឆ្នាំ២០២២។ ទាំងអស់នេះបង្ហាញថា ចិន និងសហរដ្ឋអាមេរិក អាចនិងគួរតែសហការគ្នា»។

គួរបញ្ជាក់ថា ការកត់សម្គាល់របស់លោក លី នាពេលនេះ ធ្វើឡើងបន្ទាប់ពីអ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិនៃសេតវិមាន លោក ចន ឃឺប៊ី (John Kirby) បាននិយាយនៅក្នុងសន្និសីទខ្លីមួយកាលពីសប្តាហ៍មុនថា ប្រធានាធិបតី លោក ចូ បៃដិន នៅតែផ្តោតលើការប្រកួតប្រជែងជាយុទ្ធសាស្ត្រជាមួយប្រទេសចិន ក្រោមការដឹកនាំរបស់លោក ស៉ី ជិនពីង នៅអាណត្តិទី៣នេះ៕