(ប៉េកាំង)៖ យោងតាមប្រភពដែលខ្លួនទទួលបាន បណ្តាញសារព័ត៌មាន Reuters នៅថ្ងៃចន្ទនេះ បានរាយការណ៍ថា ប្រធានាធិបតីចិន លោក ស៉ី ជិនពីង កំពុងមានផែនការធ្វើដំណើរទៅកាន់ប្រទេសរុស្ស៉ី ដើម្បីជួបសមភាគីរុស្ស៉ីរបស់លោក គឺលោក វ៉្លាឌីមៀ ពូទីន ដែលបើឆាប់បំផុតគឺនៅក្នុងសប្តាហ៍ក្រោយនេះតែម្តង ខណៈវានឹងលឿនជាងការរំពឹងទុកនាពេលកន្លងមក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៣ ខែមីនា ឆ្នាំ២០២៣។
ដំណឹងថ្មីចុងក្រោយខាងលើលេចឡើង ក្រោយកាលពីចុងខែមករា ទីភ្នាក់ងារព័ត៌មានរុស្ស៉ី TASS បានរាយការណ៍ថា លោក ពូទីន បានអញ្ជើញលោក ស៉ី ឱ្យទៅបំពេញទស្សនកិច្ចនៅរុស្ស៉ី កំលុងរដូវផ្ការីកគឺចន្លោះខែមីនា-មិថុនា ឆ្នាំនេះ ខណៈកាលពីខែមុន សារព័ត៌មានអាមេរិក The Wall Street Journal បានរាយការណ៍ថា ដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូរបស់លោកប្រធានាធិបតីចិន អាចនឹងធ្វើឡើងនៅក្នុងខែមេសា ឬខែឧសភា។ ពាក់ព័ន្ធនឹងសេចក្តីរាយការណ៍ថ្មីនេះ ក្រសួងការបរទេសចិន មិនទាន់បានឆ្លើយតបចំពោះសំណើសុំការធ្វើអត្ថាធិប្បាយនៅឡើយទេ រីឯវិមានក្រឹមឡាំងរុស្ស៉ីវិញបានបដិសេធផ្តល់ការអត្ថាធិប្បាយ។
គួរបញ្ជាក់ថា ការលេចឡើងនៃគម្រោងទស្សនកិច្ចរបស់លោក ស៉ី គឹចំពេលដែលចិនបាននិងកំពុងស្នើដើរតួនាទី ជាអ្នកសម្របសម្រួលដើម្បីជួយស្វែងរកសន្តិភាពនៅអ៊ុយក្រែន ដែលបានស្ថិតក្នុងសង្រ្គាមជាមួយរុស្ស៉ីអស់រយៈពេលជាង១ឆ្នាំមកហើយ។ ចិននិងរុស្ស៉ីបានបង្កើតភាពជាដៃគូយុទ្ធសាស្រ្តគ្មានដែនកំណត់ កាលពីក្នុងខែកុម្ភៈ ឆ្នាំ២០២២ គឺតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ មុនពេលរុស្ស៉ីបើកការឈ្លានពានលើអ៊ុយក្រែន ហើយមកទល់ពេលនេះ ភាគីទាំងពីរបានបន្តបញ្ជាក់ហើយបញ្ជាក់ទៀត នូវភាពកាន់តែរឹងមាំឡើងនៃចំណងទាក់ទងរវាងប្រទេសទាំងពីរ៕