(មូស្គូ)៖ លោក វីយ៉ាឆេស្លេវ គ្លេដកូវ (Vyacheslav Gladkov) អភិបាលតំបន់បែលហ្គូរូដ (Belgorod) ដែលស្ថិតភាគខាងត្បូងប្រទេសរុស្ស៉ី ជាប់ព្រំដែនអ៊ុយក្រែន បាននិយាយថាមនុស្សយ៉ាងហោចណាស់ម្នាក់បានរងរបួស នាថ្ងៃចន្ទនេះ បន្ទាប់ពីកងកម្លាំងរុស្ស៊ីបានបាញ់ទម្លាក់មីស៊ីលចំនួន ៤គ្រាប់ នៅក្នុងតំបន់នេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៣ ខែមីនា ឆ្នាំ២០២៣។

តាមរយៈបណ្តាញ Telegram លោក គ្លេដកូវ បានគូសបញ្ជាក់ថា «នៅពេលនេះ មនុស្សម្នាក់ត្រូវបានគេដឹងថា មានរងរបួស។ ជាមួយគ្នានេះ ក៏មានការខូចខាតផ្នែកខាងលើអគារស្នាក់នៅចំនួន២ផងដែរ ដោយសារតែកម្ទេចកំទីនៃគ្រាប់រ៉ុក្កែត»។ យ៉ាងនេះក្តី លោក គ្លេដកូវ មិនបានលើកឡើងអំពីអត្តសញ្ញាណអ្នកបាញ់មីស៊ីលនោះទេ ប៉ុន្តែនាពេលកន្លងមក អភិបាលតំបន់បែលហ្គូរូដ រូបនេះធ្លាប់បានចោទប្រកាន់កងកម្លាំងអ៊ុយក្រែន ដែលស្ថិតនៅឯទឹកដីម្ខាងទៀតនៃព្រំដែនក្បែរនោះ អំពីការវាយប្រហារស្រដៀងគ្នានេះ។

គួរបញ្ជាក់ថា តំបន់ Belgorod មានព្រំប្រទល់ជាប់នឹងតំបន់ខាកៀវ (Kharkiv) របស់អ៊ុយក្រែន ហើយបានរងការបាញ់ប្រហារម្តងហើយម្តងទៀត ចាប់តាំងពីមានការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន កាលពីឆ្នាំ២០២២។ អ៊ុយក្រែនមិនធ្លាប់ប្រកាសទទួលខុសត្រូវជាសាធារណៈ ចំពោះការវាយប្រហារណាមួយនៅក្នុងប្រទេសរុស្ស៊ី ឬនៅលើទឹកដីដែលគ្រប់គ្រងដោយរុស្ស៊ីនៅអ៊ុយក្រែននោះទេ៕