(ប៊ីលីស៉ី)៖ នាយករដ្ឋមន្ត្រីហ្សកហ្ស៊ី លោក អ៉ីរ៉ាក់លី ហ្ការីបាស់វីលី (Irakli Garibashvili) កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ បានអំពាវនាវដល់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កុំឲ្យជ្រៀតជ្រែកកិច្ចការនយោបាយនៅហ្សកហ្ស៊ី បន្ទាប់ពីរលកនៃការតវ៉ាបានផ្ទុះឡើងក្នុងប្រទេស កាលពីសប្តាហ៍មុន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៣ ខែមីនា ឆ្នាំ២០២៣។

ក្នុងពេលមានការតវ៉ាប្រឆាំងនឹងច្បាប់ប្រឆាំង «ភ្នាក់ងារបរទេស» ដែលក្រុមអ្នកតវ៉ាចាត់ទុកថាជាសញ្ញានៃការផ្លាស់ប្តូរទៅរករបបផ្តាច់ការនៅក្នុងប្រទេសហ្សកហ្ស៉ីនោះ លោក ហ្សេលេនស្គី បានថ្លែងអំណរគុណដល់ក្រុមបាតុករដែលបានគ្រវីទង់ជាតិអ៊ុយក្រែន អមជាមួយនឹងពាក្យជូនពរប្រទេសហ្សកហ្ស៉ី «ឲ្យទទួលបានលទ្ធិប្រជាធិបតេយ្យពេញលេញ»

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ IMEDI របស់ហ្សកហ្ស៉ី លោក ហ្ការីបាស់វីលី បានគូសបញ្ជាក់ថា «នៅពេលដែលមនុស្សម្នាក់កំពុងធ្វើសង្រ្គាម ហើយធ្វើការវាយតម្លៃលើសកម្មភាព បំផ្លិចបំផ្លាញ របស់មនុស្សរាប់ពាន់នាក់នៅហ្សកហ្ស៉ី នោះគឺជាភស្តុតាងជាក់ស្តែងដែលបញ្ជាក់ថាបុគ្គលនេះមានជាប់ពាក់ព័ន្ធ និងចង់បំផុសឲ្យមានការផ្លាស់ប្តូរនៅទីនេះផងដែរ»

គួរបញ្ជាក់ថា សភារបស់ប្រទេសហ្សកហ្ស៉ី កាលពីថ្ងៃសុក្រសប្ដាហ៍មុន បានសម្រេចចិត្តបោះបង់ចោលច្បាប់ប្រឆាំង «ភ្នាក់ងារបរទេស» ដែលក្រុមអ្នកប្រឆាំងនិយាយថាត្រូវបានបំផុសគំនិត តាមច្បាប់របស់រុស្ស៊ីឆ្នាំ២០១២ ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដើម្បីបង្ក្រាប និងបំបិតមាត់ក្រុមអ្នកប្រឆាំង អស់រយៈពេលមួយទសវត្សរ៍កន្លងមកហើយ ដែលបញ្ហានេះវាបានធ្វើឲ្យ ប៉ះពាល់ដល់ដំណើរការឈានទៅរកទំនាក់ទំនងជិតស្និទ្ធ រវាងហ្សកហ្ស៉ីជាមួយតំបន់អឺរ៉ុប៕