(គូឡាឡាំពួរ)៖ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៉ី លោក មូហៃយ៉ីដឌីន យ៉ាស៉ីន (Muhyiddin Yassin) នៅថ្ងៃចន្ទនេះត្រូវបានចោទប្រកាន់ពីបទល្មើសលាងលុយកខ្វក់មួយករណីបន្ថែមទៀត ដែលនេះ ធ្វើឱ្យបទចោទប្រកាន់ប្រឆាំងនឹងរូបលោកកើនដល់ ៧ករណី ក្នុងសំណុំរឿងពុករលួយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៣ ខែមីនា ឆ្នាំ២០២៣។

បើតាមប្រព័ន្ធផ្សព្វផ្សាយម៉ាឡេស៊ី The Star លោក មូហៃយ៉ីដឌីន នៅតែបន្តអះអាងថាលោកមិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់នោះទេ ហើយក៏បានបដិសេធផងដែរថាលោកមិនបានទទួល សំណូកជាង ៥លានរីងហ្គិត ឬស្មើនឹងជាង ១.១លានដុល្លារនោះឡើយ។ សារព័ត៌មាន The Star បានរាយការណ៍ថាអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីរូបនេះបានទទួលសំណូក ១.១លានដុល្លារ ពីក្រុមហ៊ុន Bukhary Equity Sdn Bhd ដែលបានផ្ទេរលុយទាំងនេះចូលគណនីធនាគារនៃគណបក្ស Bersatu របស់លោក មូហៃយ៉ីដឌីន កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២២។

គួរបញ្ជាក់ថា បទល្មើសលាងលុយនៅក្នុងប្រទេសម៉ាឡេស៊ី មានទោសជាប់ពន្ធនាគារ ១៥ឆ្នាំ និងពិន័យជាប្រាក់ប្រហែលគុណនឹង៥ នៃប្រាក់ខុសច្បាប់។ លោក មូហៃយ៉ីដឌីន កាលពីថ្ងៃសុក្រ សប្ដាហ៍មុន ក៏ត្រូវបានតុលាការក្នុងទីក្រុងគូឡាឡាំពួរ ចោទប្រកាន់ចំនួន ៦បទចោទផងដែរ ពាក់ព័ន្ធនឹងការរំលោភអំណាច និងលាងលុយ ហើយការចោទប្រកាន់នេះធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកត្រូវបានទីភ្នាក់ងារប្រយុទ្ធប្រឆាំងអំពើពុករលួយសួរចម្លើយ និងឃាត់ខ្លួន លើសំណុំរឿងពុករលួយដែលបានកើតឡើងនៅក្រោមគម្រោងស្ដារសេដ្ឋកិច្ចមួយដាក់ចេញដោយរដ្ឋាភិបាល របស់លោក កាលពីខែវិច្ឆិកា ឆ្នាំ២០២០។​ ប៉ុន្តែ លោក មូហៃយ៉ីដឌីន ដែលធ្លាប់បានកាន់តំណែងជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី ពីខែមីនា ឆ្នាំ២០២០ ដល់ខែសីហា ឆ្នាំ២០២១ បានច្រានចោល ការចោទប្រកាន់ទាំងឡាយប្រឆាំងនឹងរូបលោក ដោយចាត់ទុកថាវាជាការធ្វើទុក្ខបុកម្នេញខាងនយោបាយលើអ្នកនយោបាយបក្សប្រឆាំង តែប៉ុណ្ណោះ៕