(ស្ដុកខុល)៖ ការនាំចូលអាវុធទៅកាន់តំបន់អឺរ៉ុប បានកើនឡើងទ្វេដងកាលពីឆ្នាំ២០២២កន្លងទៅ ដោយសារតែបណ្ដាប្រទេសអឺរ៉ុបនាំគ្នាបញ្ជូនអាវុធឱ្យអ៊ុយក្រែន ដើម្បីប្រយុទ្ធនៅក្នុងសង្រ្គាម ឈ្លានពានពីសំណាក់រុស្ស៉ី ដែលនេះក៏បានធ្វើឱ្យអ៊ុយក្រែនកា្លយជាគោលដៅនៃលំហូរចូលអាវុធធំលំដាប់ទី៣ នៅលើពិភពលោកផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៣ ខែមីនា ឆ្នាំ២០២៣។

នៅក្នុងរបាយការណ៍ថ្មីមួយចេញផ្សាយនៅថ្ងៃចន្ទនេះ ដោយវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ មានមូលដ្ឋានក្នុងទីក្រុងស្ដុកខុល ហៅកាត់ថា SIPRI បាននិយាយថាការនាំចូលអាវុធទៅកាន់ តំបន់អឺរ៉ុប បានកើនដល់ទៅ៩៣ភាគរយ បើធៀបទៅនឹងឆ្នាំ២០២១ ហើយការកើនឡើងនេះទៀតសោត មានមួយផ្នែកគឺដោយសារតែការបង្កើនកញ្ចប់ថវិកាយោធាដោយប្រទេសអឺរ៉ុបមួយចំនួន តួយ៉ាងដូចជា ប៉ូឡូញ និងន័រវែសជាដើម ខណៈអត្រានំាចូលអាវុធត្រូវបានគេរំពឹងថាបន្តកើនឡើងជាលំដាប់។

របាយការណ៍ខាងលើដដែល បានឱ្យដឹងដែរថាអ៊ុយក្រែននៅមុនពេលសង្រ្គាមផ្ទុះឡើង គ្រាន់តែជាប្រទេសនាំចូលអាវុធតិចតួចប៉ុណ្ណោះ ប៉ុន្តែក្នុងឆ្នាំ២០២២ អ៊ុយក្រែនបានក្លាយជាគោលដៅនៃ លំហូរចូលអាវុធធំបំផុតលំដាប់ទី៣នៅលើពិភពលោក បន្ទាប់ពីកាតាដែលឈរនៅលេខរៀងទី១ និងឥណ្ឌាឈរនៅលេខរៀងទី២។

គួរបញ្ជាក់ថា បើតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ SIPRI កាលពីឆ្នាំ២០២២កន្លងទៅ សហរដ្ឋអាមេរិកនៅតែឈរនៅលេខរៀងទី១ ក្នុងនាមជាប្រទេសនាំចេញអាវុធធំជាងគេនៅលើ ពិភពលោក ឬស្មើនឹង៤០ភាគរយនៃការនាំចេញអាវុធរបស់ពិភពលោក ខណៈរុស្ស៉ីឈរនៅលេខ២ (១៦ភាគរយ) បារាំងលេខ៣ (១១ភាគរយ) ចិនលេខ៤ (៥ភាគរយ) និងអាល្លឺម៉ង់ លេខ ៥ (៤ភាគរយ)។ SIPRI គ្រោងនឹងបញ្ចេញរបាយការណ៍ស្ដីពីការវាយតម្លៃលើការចំណាយលើសព្វាវុធនៅទូទាំងពិភពលោកសម្រាប់ឆ្នាំ២០២២ នៅខែមេសាខាងមុខ៕