(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះបាននិយាយថា ទាហានរុស្ស៊ីជាង ១,១០០នាក់បានស្លាប់ ក្នុងរយៈពេលតិចជាងមួយ សប្តាហ៍ នៅក្នុងការវាយប្រយុទ្ធគ្នានៅជិតទីក្រុង បាកមូត (Bakhmut) ដែលស្ថិតនៅភាគខាងកើតប្រទេស។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៣ ខែមីនា ឆ្នាំ២០២៣។

តាមរយៈវីដេអូមួយ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថា «ចាប់តាំងពីថ្ងៃទី៦ ខែមីនា មកទល់នឹងពេលនេះ យើងបានសម្លាប់ទាហានរបស់សត្រូវជាង ១,១០០នាក់ នៅក្នុងសមរភូមិទីក្រុង ទីក្រុងបាកមូតតែមួយគត់ ដែលវាជាការបាត់បង់មិនអាចត្រឡប់វិញបានរបស់រុស្ស៊ី នៅសមរភូមិក្បែរទីក្រុងនេះ»

លោក ហ្សេលេនស្គី បានបន្ថែមថា «ជាមួយគ្នានេះ ទាហានរុស្ស៊ី ត្រូវបាត់បង់កម្លាំងអស់ចំនួន ១,៥០០នាក់ ដោយសារតែពួកគេរងរបួសយ៉ាងធ្ងន់ធ្ងរមិនអាចបន្តប្រយុទ្ធបាន។ រីឯ សម្ភារសឹក មួយចំនួនធំក៏ត្រូវបានបំផ្លាញ តួយ៉ាងដូចជាឃ្លាំងអាវុធរបស់រុស្សីជាង១០ទីតាំង»

គួរបញ្ជាក់ថា ទីក្រុងបាកមូត ជាចំណុចស្នូលនៃការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានៅឯភាគខាងកើតអ៊ុយក្រែន ខណៈភាគីទាំងសងខាងសុទ្ធតែទទួលស្គាល់ថា បានបាត់បង់កម្លាំងធ្ងន់ធ្ងរដូចគ្នា ប៉ុន្តែចំនួនមនុស្សស្លាប់ជាក់លាក់ គឺពិបាកក្នុងការផ្ទៀងផ្ទាត់ដោយលក្ខណៈឯករាជ្យ៕