(សេអ៊ូល)៖ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នៅថ្ងៃចន្ទនេះបានចាប់ផ្ដើមការធ្វើសមយុទ្ធយោធារួមគ្នាទ្រង់ទ្រាយធំ ជាលើកដំបូងក្នុងរយៈពេលជាង៥ឆ្នាំមកនេះ បន្ទាប់ពីកូរ៉េខាងជើង ព្រមានថាការធ្វើសមយុទ្ធយោធារបៀបនេះអាចនឹងត្រូវបានចាត់ទុកថាជា «ការប្រកាសសង្រ្គាម»។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៣ ខែមីនា ឆ្នាំ២០២៣។

បើតាមក្រុមមន្ត្រីកូរ៉េខាងត្បូង និងអាមេរិក សមយុទ្ធយោធាខាងលើមានឈ្មោះថា «Freedom Shield» នឹងត្រូវប្រព្រឹត្តទៅក្នុងរយៈពេលយ៉ាងហោច ១០ថ្ងៃ គិតចាប់ពីថ្ងៃចន្ទនេះតទៅ ហើយ សមយុទ្ធនេះនឹងផ្ដោតទៅលើការប្រែប្រួលបរិយាកាសសន្តិសុខ ដោយសារតែបង្កើនសកម្មភាពបង្កហេតុទ្វេដងពីសំណាក់ទីក្រុងព្យុងយ៉ាង។ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល បានបង្កើន និងពង្រឹងទំនាក់ទំនងយោធាគួរឱ្យកត់សម្គាល់ នៅចំពោះមុខការធ្វើតេស្ដអាវុធពីសំណាក់កូរ៉េខាងជើង ដែលកូរ៉េខាងត្បូងមើលឃើញថាជាការគំរាមកំហែងមួយដល់សន្តិសុខជាតិរបស់ខ្លួន។

គួរបញ្ជាក់ថា នៅថ្ងៃចន្ទនេះដែរ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថាទីក្រុងព្យុងយ៉ាង បានបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រចំនួន២គ្រាប់ ចេញពីនាវាមុជទឹកមួយ គ្រឿង កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ។ KCNA បាននិយាយថាការបាញ់សាកល្បងមីស៊ីលខាងលើ បានបញ្ជាក់ពីសមត្ថភាពនៃប្រព័ន្ធអាវុធយ៉ាងល្អប្រើសើរ និងបានធ្វើតេស្ដលើ ប្រតិបត្តិការវាយលុក ក្រោមផ្ទៃទឹកនៃកងអង្គភាពកងទ័ពជើងទឹក ក្រោមក្របខណ្ឌនៃសមត្ថភាពនុយក្លេអ៊ែររបស់កូរ៉េខាងជើង។

មីស៊ីលគ្រូសយុទ្ធសាស្ត្រទាំង២គ្រាប់ខាងលើ ត្រូវបានបាញ់ចេញពីនាវាមុជទឹកឈ្មោះ Yongung ដែលសិ្ថតនៅក្រោមផ្ទៃទឹក នៅឯតំបន់ឆ្នេរភាគខាងកើតនៃប្រទេស ហើយមីស៊ីលទាំងនេះ ហោះបានចម្ងាយ ១,៥០០គីឡូម៉ែត្រ មុនធ្លាក់ចំគោលដៅដែលបានកំណត់។

បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងដដែល ការធ្វើតេស្ដមីស៊ីលគ្រូសយុទ្ធសាស្ត្រនេះទៀតសោត ក៏មានគោលដៅបង្ហាញផងដែរពីការប្ដេជ្ញាចិត្តរបស់កូរ៉េខាងជើង ក្នុងការគ្រប់គ្រង ស្ថានការណ៍ ជាមួយការចោទប្រកាន់ថាសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងកំពុងធ្វើសកម្មភាពប្រឆាំងនឹងទីក្រុងព្យុងយ៉ាង តាមរយៈការធ្វើសមយុទ្ធយោធា៕