(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃចន្ទនេះបានរាយការណ៍ថាទីក្រុងព្យុងយ៉ាង បានបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រចំនួន២គ្រាប់ ចេញពីនាវាមុជទឹកមួយ គ្រឿង កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ ខណៈសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងចាប់ផ្ដើមការធ្វើសមយុទ្ធយោធារួមគ្នាទ្រង់ទ្រាយធំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៣ ខែមីនា ឆ្នាំ២០២៣។

នៅក្នុងសេចក្ដីរាយការណ៍របស់ខ្លួន KCNA បានឱ្យដឹងទៀតថាការបាញ់សាកល្បងមីស៊ីលខាងលើ បានបញ្ជាក់ពីសមត្ថភាពនៃប្រព័ន្ធអាវុធយ៉ាងល្អប្រើសើរ និងបានធ្វើតេស្ដលើប្រតិបត្តិការ វាយលុក ក្រោមផ្ទៃទឹកនៃកងអង្គភាពកងទ័ពជើងទឹក ក្រោមក្របខណ្ឌនៃសមត្ថភាពនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ KCNA បានបន្ថែមថាមីស៊ីលគ្រូសយុទ្ធសាស្ត្រទាំង២គ្រាប់ខាងលើ ត្រូវបាន បាញ់ចេញពីនាវាមុជទឹកឈ្មោះ Yongung ដែលសិ្ថតនៅក្រោមផ្ទៃទឹក នៅឯតំបន់ឆ្នេរភាគខាងកើតនៃប្រទេស ហើយមីស៊ីលទាំងនេះហោះបានចម្ងាយ ១,៥០០គីឡូម៉ែត្រ មុនធ្លាក់ចំគោលដៅដែលបានកំណែត់។

បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងដដែល ការធ្វើតេស្ដមីស៊ីលគ្រូសយុទ្ធសាស្ត្រនេះទៀតសោត ក៏មានគោលដៅបង្ហាញផងដែរពីការប្ដេជ្ញាចិត្តរបស់កូរ៉េខាងជើង ក្នុងការគ្រប់គ្រង ស្ថានការណ៍ ជាមួយការចោទប្រកាន់ថាសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងកំពុងធ្វើសកម្មភាពប្រឆាំងនឹងទីក្រុងព្យុងយ៉ាង តាមរយៈការធ្វើសមយុទ្ធយោធា។

គួរបញ្ជាក់ថា ពាក្យថា «យុទ្ធសាស្ត្រ» ដែលកូរ៉េខាងជើងយកមកពិព័ណ៌នាពីការធ្វើតេស្ដមីស៊ីលរបស់ខ្លួន គឺចង់សំដៅទៅលើអាវុធទាំងឡាយណាដែលមានសមត្ថភាពបំពាក់ក្បាលគ្រាប់ នុយក្លែអ៊ែរ៕