(ហ្សឺណែវ)៖ នៅក្នុងការអត្ថាធិប្បាយដ៏ធ្ងន់បំផុតមួយ ប្រធានអង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ការស្វែងរកប្រភពដើមនៃជំងឺកូវីដ១៩ គឺជាការចាំបាច់ខាងសីលធម៌ ហើយសម្មតិកម្មទាំងអស់ត្រូវតែស្វែងយល់ ដោយសង្កត់ធ្ងន់ថា ស្ថាប័នអង្គការសហប្រជាជាតិមួយនេះ នៅតែប្តេជ្ញាចិត្តដើម្បីកំណត់អត្តសញ្ញាណប្រភពដើមនៃមេរោគនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១២ ខែមីនា ឆ្នាំ២០២៣។

កាសែត Wall Street Journal រាយការណ៍ថា ទីភ្នាក់ងារអាមេរិកមួយបានវាយតម្លៃការរីករាលដាលនៃជំងឺកូវីដ១៩ ទំនងជា ដោយសារតែការលេចធ្លាយមន្ទីរពិសោធន៍ចិនដោយអចេតនា ដែលបានដាក់សម្ពាធលើអង្គការសុខភាពពិភពលោកសម្រាប់ចម្លើយ។ ទីក្រុងប៉េកាំងបានបដិសេធការវាយតម្លៃនេះ ដែលអាចនឹងត្រូវបានចេញផ្សាយក្នុងពេលឆាប់ៗនេះ បន្ទាប់ពីសភាតំណាងរាស្រ្តអាមេរិកបានបោះឆ្នោតក្នុងសប្តាហ៍នេះ ដើម្បីដកចំណាត់ថ្នាក់របស់ជំងឺមួយនេះ។

លោក Tedros Adhanom បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គម Twitter យ៉ាងដូច្នេះថា «ការស្វែងយល់ពីប្រភពដើមនៃជំងឺកូវីដ១៩ និងការរុករកសម្មតិកម្មទាំងអស់ នៅតែជាកត្តាចាំបាច់ខាងវិទ្យាសាស្ត្រ ដើម្បីជួយយើងទប់ស្កាត់ការរីករាលដាលនាពេលអនាគត។ ហើយវាគ៏ជាកត្តាចាំបាច់ខាងសីលធម៌ សម្រាប់ជាប្រយោជន៍ដល់មនុស្សរាប់លាននាក់ដែលបានស្លាប់ និងអ្នកដែលរស់នៅជាមួយកូវីដ១៩»

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២១ ក្រុមដែលដឹកនាំដោយ WHO បានចំណាយពេលជាច្រើនសប្តាហ៍នៅក្នុង និងជុំវិញទីក្រុង Wuhan ប្រទេសចិន ដែលករណីមនុស្សដំបូងត្រូវបានរាយការណ៍ ហើយបាននិយាយនៅក្នុងរបាយការណ៍រួមថា មេរោគប្រហែលជាត្រូវបានចម្លងពីប្រចៀវទៅមនុស្សតាមរយៈសត្វមួយផ្សេងទៀត ប៉ុន្តែត្រូវការការស្រាវជ្រាវបន្ថែម។

ចាប់តាំងពីពេលនោះមក WHO បានបង្កើតក្រុមប្រឹក្សាវិទ្យាសាស្ត្រមួយដើម្បីសិក្សាអំពីមេរោគដ៏គ្រោះថ្នាក់នេះ ប៉ុន្តែរហូតមកទល់ពេលនេះមិនទាន់ឈានដល់ការសន្និដ្ឋានណាមួយ អំពីរបៀបដែលជំងឺរាតត្បាតបានចាប់ផ្តើមនោះទេ ក្រោមហេតុផលថាបំណែកនៃទិន្នន័យសំខាន់ៗរបស់វាគឺត្រូវបានបាត់៕