(ប៉េកាំង)៖ យប់ថ្ងៃទី ១០ ខែមីនា សាធារណរដ្ឋប្រជាមានិតចិន ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតនិងសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ បានចេញផ្សាយសេចក្តីថ្លែងការណ៍ត្រីភាគីរួមនៅក្រុងប៉េកាំង ប្រព័ន្ធសារព័ត៌មានសំខាន់ៗរបស់ទូទាំងពិភពលោកបានផ្តោតសំខាន់ និងផ្សព្វផ្សាយព័ត៌មាននេះយ៉ាងទាន់ហេតុការណ៍ ។ ក្នុងសេចក្តីថ្លែងការណ៍រួមនេះ ប្រទេសទាំង ៣ បានប្រកាសថា អារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ង់បានឈានដល់កិច្ចព្រមព្រៀងមួយដែលបានឯកភាពគ្នាថា នឹងរៀបចំឡើងវិញនូវទំនាក់ទំនងការទូតរវាងភាគីទាំងពីរ នឹងបើកជាថ្មីឡើងវិញនូវស្ថានទូតនិងអង្គភាពតំណាងការទូតរៀងខ្លួនក្នុងរយៈពេលយ៉ាងយូរបំផុត គឺ ២ ខែខាងមុខ ក៏ដូចជានឹងរៀចចាំចាត់ចែងការចាត់បញ្ជូន ឯកអគ្គរដ្ឋទូតគ្នាទៅវិញទៅមកនិងធ្វើការពិគ្រោះពិភាក្សាគ្នា អំពីការបង្កើនទំនាក់ទំនងទ្វេភាគីជាដើម ។

"ទំនាក់ទំនងរវាងអារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ង់បានបើកទំព័រថ្មី" "បើនិយាយចំពោះការទូតរបស់មជ្ឈិមបូព៌ា នេះគឺជាការវិវឌ្ឍរីកចម្រើនយ៉ាងធំធេង" "ព្រឹតិ្តការណ៍នេះមានសារៈសំខាន់ជានិមិត្តសញ្ញាក្នុងប្រវតិ្តសាស្ត្រ " ។ល។ ប្រព័ន្ធសារព័ត៌មានអន្តរជាតិជាច្រើនបានវាយតម្លៃវិជ្ជមានជាទូទៅចំពោះរឿងនេះ ។ ទោះបីជាប្រព័ន្ធសារព័ត៌មាននៃបស្ចិមប្រទេស ដែលងប់ងល់នឹងការ"រកឆ្អឹងក្នុងស៊ុត"រករឿងចំពោះប្រទេសចិនក៏ដោយ ក៏សុទ្ធតែបានទទួលស្គាល់ពីកិច្ចខិតខំប្រឹងប្រែងការផ្សះផ្សារ និងសម្របសម្រួល របស់ប្រទេសចិនដែរ ។ ចំណែកឯតំបន់មជ្ឈិមបូព៌ាវិញ ក៏កាន់តែមានប្រតិកម្មជាវិជ្ជមាន ប្រទេសជាច្រើន ដូចជាអ៊ីរ៉ាក់ អូម៉ង់និងលីបង់ជាដើមបានសម្តែងការស្វាគមន៍ចំពោះលទ្ធផល នៃកិច្ចសន្ទនារវាងអារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ង់ក្រុងប៉េកាំង ។

សូមបញ្ជាក់ថា អារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ង់គឺជាតំណាងនៃនិកាយស៊ុននី និងនិកាយស៊ីអ៊ីតនៃសាសនាអ៊ីស្លាមដោយឡែកពីគ្នា ហើយបានស្ថិតក្នុងស្ថានភាពបដិបក្ខគ្នាក្នុងរយៈពេលជា យូរណាស់មកហើយក្នុងបញ្ហាដូចជា វិបត្តិស៊ីរី ស្ថានការណ៍លីបង់និងសង្គ្រាមក្នុងស្រុកនៅយេម៉ែនជាដើម ។ កាលពីដើមឆ្នាំ ២០១៦ អារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ង់បានផ្តាច់ទំនាក់ទំនងការទូត ដោយសារហេតុការណ៍ពាក់ព័ន្ធនឹងបព្វជិតនិកាយស៊ីអ៊ីតសញ្ជាតិអារ៉ាប៊ីសាអូឌីត ។ ក្នុងបរិបទបែបនេះ អារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ង់បានសម្រេចចិត្ត រៀបចំឡើងវិញនូវទំនាក់ទំនងការទូតឡើងវិញ ក្រោមការផ្សះផ្សារនិងកិច្ចសម្របសម្រួលរបស់ចិន ប្រការនេះបានធ្វើឱ្យប្រព័ន្ធសារព័ត៌មានបរទេសមួយចំនួនភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយថា នេះជារឿងដែលនឹកស្មានមិនដល់ទាល់តែសោះ ។

តាមពិតទៅ ប្រសិនបើពិនិត្យសង្កេតយ៉ាងស៊ីជម្រៅចំពោះបម្រែបម្រួល នៃស្ថានការណ៍មជ្ឈិមបូព៌ានិងកិច្ចខិតខំប្រឹងប្រែងការទូតរបស់ចិន នោះ ការផ្សះផ្សារវាងអារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ង់នៅក្រុងប៉េកាំង គឺ សមហេតុសមផល ។ ក្នុងរយៈពេលច្រើនឆ្នាំកន្លងមកនេះ ប្រទេសមជ្ឈិមបូព៌ាបានដឹងច្បាស់ហើយថា អាមេរិកមិនអាចទុកចិត្តបានទេ មានតែធ្វើកិច្ចសន្ទនានិងកិច្ចចរចាសន្តិភាព ទើបអាចដោះស្រាយបញ្ហាបាន ហើយជោគវាសនានៃតំបន់ចាំបាច់ត្រូវ ក្តាប់ក្នុងដៃរបស់ប្រជាជនមជ្ឈិមបូព៌ាខ្លួនឯង ។ នេះជាកម្លាំងចលករផ្ទៃក្នុង ដែលធ្វើឱ្យអារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ង់ សម្រេចចិត្តរៀបចំឡើងវិញនូវទំនាក់ទំនងការទូត ។

នោះ ហេតុអ្វីបានជាពួកគេជ្រើសរើសធ្វើកិច្ចសន្ទនានៅក្រុងប៉េកាំង ? នេះគឺដោយសារប្រទេសចិនគាំទ្រប្រទេសមជ្ឈិមបូព៌ា សម្រេចបាននូវភាពម្ចាស់ការខាងយុទ្ធសាស្ត្រ គាំទ្រពួកគេដោះស្រាយបញ្ហា តាមរយៈកិច្ចសន្ទនានិងពិគ្រោះពិភាក្សាគ្នាជាប់រហូត ប្រទេសចិនមិនមានភាពលំអៀងចំពោះប្រទេសណាមួយ មិនស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួននិងមិនបង្កើតជាក្រុមសម័្ពន្ធតូច ហើយចិនជាមិត្តភក្តិពិតប្រាកដដែលគួរឱ្យ ប្រទេសមជ្ឈិមបូព៌ាជឿទុកចិត្តបាន ។

សូមបញ្ជាក់ដែរថា អារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ង់សុទ្ធតែជាប្រទេសធំនៃតំបន់មជ្ឈិមបូព៌ា ។ ការផ្សះផ្សារវាងអារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ង់ បានបង្កើតជាគំរូល្អសម្រាប់ការសម្រេចបាននូវសន្តិភាពនិងស្ថិរភាពក្នុងតំបន់ ក៏ដូចជាដោះស្រាយការខ្វែងគំនិតតាមរយៈកិច្ចសន្ទនា និងពិគ្រោះពិភាក្សាគ្នាផងដែរ ។ អ្នកវិភាគសម្គាល់ឃើញថា ប្រការនេះនឹងដើរតួនាទីវិជ្ជមានដល់ការបន្ធូរបន្ថយនិងដោះស្រាយ សង្គ្រាមក្នុងស្រុកនៅប្រទេសយេម៉ែន ស៊ីរីនិងលីប៊ីជាដើម ។

ជាងនេះទៅទៀត ការផ្សះផ្សារវាងអារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ង់ក៏បានផ្តល់ ផលវិជ្ជមានដ៏សំខាន់ដល់ពិភពលោកដែល មានភាពរង្គោះរង្គើនិងបម្រែបម្រួល ។ ប្រការនេះបានប្រាប់ទៅកាន់ពិភពលោកតាមរយៈការពិតជាក់ស្តែងថា កម្លាំងបាយមិនអាចដោះស្រាយបញ្ហាបានទេ ការធ្វើកិច្ចសន្ទនាទើបជាច្រកចេញតែមួយគត់ ៕

វិទ្យុមិត្តភាពកម្ពុជាចិន