(វ៉ាស៉ីនតោន)៖ មន្រ្តីយោធាជាន់ខ្ពស់អាមេរិកមួយរូប បាននិយាយកាលពីថ្ងៃសុក្រសប្តាហ៍នេះថា ចិនកំពុងតែនាំមុខគេនៅលើពិភពលោក ក្នុងការអភិវឌ្ឍសមត្ថភាពមីស៉ីលល្បឿនលឿនជាងសំឡេង ហើយក៏ទំនងមានមធ្យោបាយរួចស្រេច ដើម្បីប្រើប្រាស់អាវុធប្រភេទនេះសម្រាប់​វាយប្រហារមកលើ មូលដ្ឋានរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ប៉ាស៉ីហ្វិកផងដែរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន South China Morning Post នៅថ្ងៃអាទិត្យ ទី១២ ខែមីនា ឆ្នាំ២០២៣។

កំលុងការផ្តល់សក្ខីកម្មចំពោះមុខអនុគណៈកម្មាធិការអាវុធយុទ្ធសាស្រ្ត នៃគណៈកម្មាធិការយោធារបស់សភាតំណាងរាស្រ្តអាមេរិក លោក ផូល ហ្វ្រាយស្លើ (Paul Freisthler) ដែលជាប្រមុខអ្នកវិទ្យាសាស្រ្តទទួលបន្ទុក ផ្នែកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា នៃទីភ្នាក់ងារចារកម្មផ្នែក​ការពារជាតិរបស់សហរដ្ឋអាមេរិក បានធ្វើការប្រៀបធៀបសមត្ថភាពអាវុធល្បឿនលឿនជាងសំឡេង របស់ចិននិងរុស្ស៉ីដែលជាគូប្រជែងធំៗ​ទាំងពីររបស់ទីក្រុងវ៉ាស៉ីនតោន។

លោក ហ្វ្រាយស្លើ បានគូសបញ្ជាក់ថា ស្របពេលដែលចិននិងរុស្ស៉ី សុទ្ធតែបានធ្វើតេស្តជោគជ័យជាច្រើនលើក លើអាវុធល្បឿនលឿនជាង​សំឡេងរបស់ពួកគេ ហើយក៏បានដាក់ពង្រាយសម្រាប់ការប្រើប្រាស់រួចស្រេចផងដែរនោះ គឺទីក្រុងប៉េកាំងកំពុងតែនាំមុខទីក្រុងមូស្គូ ទាំងផ្នែក​ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ក៏ដូចជាចំនួននៃប្រព័ន្ធសព្វាវុធ។

យោងតាមមន្រ្តីយោធាអាមេរិករូបនេះ គឺអំលុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ ចិនទទួលបានភាពរីកចម្រើនយ៉ាងខ្លាំងក្លា នៅក្នុងការងារ​អភិវឌ្ឍបច្ចេកវិទ្យាមីស៉ីលល្បឿនលឿនជាងសំឡេង តាមរយៈការផ្តោតនិងពង្រឹងជាពិសេស ចំពោះកិច្ចប្រឹងប្រែងវិនិយោគ អភិវឌ្ឍ ធ្វើតេស្ត និងដាក់ដំណើរការ ទាំងសម្រាប់មីស៉ីលល្បឿនល្បឿនជាងសំឡេងធម្មតា ហើយនិងមីស៉ីលល្បឿនលឿនជាងសំឡេង ដែលបំពាក់នុយក្លេអ៊ែរ។

ក្នុងចំណោមការធ្វើតេស្តបច្ចេកវិទ្យាអាវុធល្បឿនលឿនជាងសំឡេងរបស់ចិន នាពេលកន្លងមក លោក ហ្វ្រាយស្លើ បានធ្វើការកត់សម្គាល់អំពី មីស៉ីលបាលិស្ទីគរយៈចម្ងាយមធ្យម DF-17 ដែលមានបំពាក់ក្បាលគ្រាប់ល្បឿនលឿនជាងសំឡេង និងសមត្ថភាពធ្វើដំណើរបានចម្ងាយយ៉ាង​ហោច១,៦០០គីឡូម៉ែត្រ ពោលគឺអនុញ្ញាតឱ្យវាអាចវាយប្រហារលើ កងកម្លាំងយោធាអាមេរិក ដែលឈរជើងនៅតំបន់ភាគខាងលិចនៃ​មហាសមុទ្រប៉ាស៉ីហ្វិកបាន។ បើតាមលោក ហ្វ្រាយស្លើ មីស៉ីល DF-17 ប្រហែលជាត្រូវបានចិនដាក់ឱ្យដំណើរការ កាលពីឆ្នាំ២០២០។

ដោយឡែកសម្រាប់រុស្ស៉ីវិញ លោក ហ្វ្រាយស្លើ បាននិយាយថា ទីក្រុងមូស្គូបានដាក់ពង្រាយប្រព័ន្ធអាវុធល្បឿនលឿនជាងសំឡេង ចំនួន៣ប្រភេទរួចហើយ រួមមាន មីស៉ីល គីនហ្សាល់ (Kinzhal) ប្រភេទបាញ់ចេញពីយន្តហោះ ទៅរកគោលដៅលើផ្ទៃដី, ក្បាលគ្រាប់ អាវ៉ានហ្កាដ (Avangard) សម្រាប់បំពាក់នៅលើ​មីស៉ីលបាលិស្ទីគអន្តរទ្វីប និងមីស៉ីល ហ្សៀខុន (Zircon) ដែលបាញ់ចេញពីនាវាចម្បាំងឬនាវាមុជទឹក សម្រាប់ប្រឆាំងទៅលើនាវា។

គួរបញ្ជាក់ថា ខណៈចិននិងរុស្ស៉ីកំពុងតែបោះពួយទៅមុខជាមួយសន្ទុះយ៉ាងលឿន ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាអាវុធល្បឿនលឿនជាងសំឡេង សហរដ្ឋអាមេរិកមកទល់បច្ចុប្បន្ន មិនទាន់ប្រកាសនូវអាវុធល្បឿនលឿនជាងសំឡេងណាមួយ ដែលអាចប្រើប្រាស់ជាផ្លូវការនៅឡើយ ស្របពេលដែលកងទ័ពជើងអាកាស ជើងទឹក និងជើងគោកអាមេរិក កំពុងតែប្រឹងប្រែងអភិវឌ្ឍប្រព័ន្ធអាវុធល្បឿនលឿនជាងសំឡេងផ្សេងៗគ្នា៕