(វ៉ាស៉ីនតោន)៖ ក្រុមអវកាសយានិកនៃបេសកកម្ម Crew-5 ដែលធ្វើឡើងក្រោមកិច្ចសហប្រតិបត្តិការរវាង ទីភ្នាក់ងារអវកាសអាមេរិក NASA និងក្រុមហ៊ុនអវកាស SpaceX បានត្រឡប់ចុះមកដល់ផ្ទៃផែនដីវិញហើយ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ (ពេលវេលាក្នុងតំបន់នៅអាមេរិក) បន្ទាប់ពីពួកគេបានចំណាយពេល៥ខែ ស្នាក់នៅក្នុងស្ថានីយអវកាសអន្តរជាតិ ISS។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១២ ខែមីនា ឆ្នាំ២០២៣។

យានអវកាសរបស់ក្រុមហ៊ុន SpaceX បាននាំយកអវកាសយានិកជប៉ុន លោក កូយឈី វ៉ាកាតា (Koichi Wakata), អវកាសយានរុស្ស៉ី លោកស្រី អានណា គីគីណា (Anna Kikina) ព្រមទាំងអវកាសយានិកអាមេរិក លោកស្រី នីខូល ម៉ាន (Nicole Mann) និងលោក ចូស កាស្សាដា (Josh Cassada) ចុះមកដល់លើផ្ទៃទឹកនៃឈូងសមុទ្រម៉ិកស៉ិក ក្បែរឆ្នេរភាគខាងលិចនៃរដ្ឋផ្លូវរីដារបស់សហរដ្ឋអាមេរិក កាលពីម៉ោង៩យប់ថ្ងៃសៅរ៍។ បេសកកម្ម Crew-5 បានចេញដំណើរឡើងទៅទីអវកាស​ កាលពីខែតុលា ឆ្នាំ២០២២។ មុនត្រឡប់ចុះមកវិញ ក្រុមអវកាសយានិកខាងលើ បានជួបស្វាគមន៍ក្រុមបេសកកម្ម Crew-6 ដែលចាកចេញពីផ្ទៃផែនដី កាលពីខែថ្ងៃទី១ ខែមីនា នៅលើស្ថានីយ ISS។

គួរបញ្ជាក់ថា គិតមកទល់ពេលនេះ ក្រុមហ៊ុន SpaceX បានចេញបេសកកម្មបញ្ជូនក្រុមអវកាសយានិកជាផ្លូវការ ឡើងទៅកាន់ស្ថានីយ ISS សម្រាប់​ទីភ្នាក់ងារអវកាស NASA ចំនួន៦លើកហើយ គិតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២២មក។ កិច្ចសហប្រតិបត្តិការរវាង SpaceX និង NASA គឺជាការចាប់ផ្តើមឡើងវិញ នូវការបញ្ជូនអវកាសយានិកឡើងទៅកាន់លំហអវកាស ចេញពីក្នុងទឹកដីអាមេរិកផ្ទាល់ ក្រោយសហរដ្ឋអាមេរិក បាន​ពឹងផ្អែកអស់រយៈពេលជិត១ទសវត្សរ៍ ទៅលើកម្មវិធីយាន Soyuz របស់រុស្ស៉ី សម្រាប់ការហោះហើរឡើងទៅស្ថានីយអវកាសអន្តរជាតិ៕