(កៀវ)៖ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ អ៊ុយក្រែននិងរុស្ស៉ីបានចេញមុខអះអាងដូចគ្នាថា កងកម្លាំងភាគីសត្រូវរាប់រយនាក់ត្រូវបានសម្លាប់ កំលុងរយៈពេល២៤ម៉ោងចុងក្រោយ ក្នុងការប្រយុទ្ធគ្នាដ៏តានតឹងជាទីបំផុត ដើម្បីទីក្រុងបាកមូត (Bakhmut) នៅភាគខាងកើតអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១២ ខែមីនា ឆ្នាំ២០២៣។
ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ អ្នកនាំពាក្យយោធាអ៊ុយក្រែន បាននិយាយថា កងកម្លាំងគាំទ្រទីក្រុងមូស្គូចំនួន២២១នាក់ ត្រូវបានសម្លាប់ និងច្រើនជាង៣០០នាក់បានរងរបួស ក្នុងសមរភូមិទីក្រុងបាកមូត។ រីឯក្រសួងការពារជាតិរុស្ស៉ីវិញ បាននិយាយថា កងកម្លាំងអ៊ុយក្រែនចំនួន ២១០នាក់ ត្រូវបានសម្លាប់ក្នុងសមរភូមិនៅតំបន់ដូណេត (Donetsk)។
ទោះរុស្ស៉ីមិនបញ្ជាក់ច្បាស់អំពីទីក្រុងបាកមូត ដែលស្ថិតក្នុងតំបន់ដូណេតក៏ដោយ ទីក្រុងដែលឥឡូវក្លាយជាទីក្រុងខ្មោចមួយនេះ គឺជាទីតាំងនៃការប្រយុទ្ធគ្នាដ៏បង្ហូរឈាម និងអូសបន្លាយយូរបំផុតមួយ អំលុងសង្រ្គាមឈ្លានពានរយៈពេលជាង១ឆ្នាំ របស់រុស្ស៉ីនៅអ៊ុយក្រែន។ ខណៈភាគីទាំងសងខាងសុទ្ធតែទទួលស្គាល់ថា បានបាត់បង់កម្លាំងធ្ងន់ធ្ងរ ហើយក៏បានបង្កឱ្យសត្រូវខាតបង់ខ្លាំងដូចគ្នានោះ ក្នុងសមរភូមិបាកមូត ចំនួនមនុស្សស្លាប់ជាក់លាក់ គឺពិបាកក្នុងការផ្ទៀងផ្ទាត់ជាលក្ខណៈឯករាជ្យ។
គួរបញ្ជាក់ថា យោងតាមការអះអាងកាលពីថ្ងៃសៅរ៍ របស់បណ្តាញចារកម្មយោធាចក្រភពអង់គ្លេស គឺនាពេលនេះ ក្រុមទាហានស៉ីឈ្នួលរុស្ស៉ី Wagner បានគ្រប់គ្រងកាន់កាប់ស្ទើរទាំងស្រុង លើផ្នែកភាគខាងកើតនៃទីក្រុងបាកមូតហើយ។ ទីក្រុងមូស្គូបាននិយាយថា ការដណ្តើមយកបានទីក្រុងបាកមូត នឹងទម្លុះប្រហោងមួយនៅក្នុងខ្សែការពាររបស់អ៊ុយក្រែន ហើយវានឹងបម្រើជាចំណុចចាប់ផ្តើម ដើម្បីឆ្ពោះទៅកាន់កាប់តំបន់ដុនបាស់របស់អ៊ុយក្រែនទាំងមូល ដែលជាគោលដៅចម្បងមួយនៃសង្រ្គាមរបស់រុស្ស៉ី៕