(តេហេរ៉ង់)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ បាននិយាយថា អ៉ីរ៉ង់សម្រេចបានហើយនូវកិច្ចព្រមព្រៀងដើម្បីទិញយក យន្តហោះចម្បាំងប្រភេទ Su-35 ពីរុស្ស៉ី ស្របពេលដែលកិច្ចសហប្រតិបត្តិការវិស័យការពារជាតិ រវាងប្រទេសទាំងពីរកាន់តែស៉ីជម្រៅខ្លាំងឡើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១២ ខែមីនា ឆ្នាំ២០២៣។

ទីភ្នាក់ងារព័ត៌មានអ៉ីរ៉ង់ IRNA បានដកស្រង់សម្តីតំណាងបេសកកម្មរបស់អ៉ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ នៅឯទីក្រុងញូយ៉ក ដែលបាននិយាយថា យន្តហោះចម្បាំង Su-35 គឺអាចទទួលយកបានតាមលក្ខណៈបច្ចេកទេសសម្រាប់អ៉ីរ៉ង់ ហើយទីក្រុងតេហេរ៉ង់សម្រេចបានជាស្ថាពរ នូវកិច្ចសន្យាដើម្បីទិញពួកវាពីរុស្ស៉ី។ យ៉ាងណាមិញ ពុំមានការបញ្ជាក់លម្អិតអ្វីបន្ថែម ជុំវិញកិច្ចព្រមព្រៀងនេះឡើយ។ ដោយឡែក បើតាម IRNA អ៉ីរ៉ង់ក៏បានចាប់ផ្តើមទាក់ទង ជាមួយប្រទេសដទៃទៀត ដើម្បីទិញយន្តហោះចម្បាំងផងដែរ។

បច្ចុប្បន្នយន្តហោះចម្បាំង ដែលកងទ័ពអាកាសអ៉ីរ៉ង់មានភាគច្រើន គឺជាយន្តហោះប្រភេទ MiG និង Sukhoi របស់រុស្ស៉ី ដែលបន្សល់ទុកមកតាំងពីសម័យសូវៀត ព្រមទាំងយន្តហោះខ្លះៗរបស់ចិន រួមមានទាំង F-7។ យន្តហោះចម្បាំងអាមេរិកចាស់ៗមួយចំនួន ដូចជា F-4, F-5 និង F-14 ដែលសល់តាំងពីជំនាន់មុនបដិវត្តន៍អ៉ីស្លាមឆ្នាំ១៩៧៩ មកម៉្លេះនោះ ក៏ស្ថិតក្នុងកងយន្តហោះយោធារបស់អ៉ីរ៉ង់ដែរ។

គួរបញ្ជាក់ថា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានជួបមេដឹកនាំកំពូលអ៉ីរ៉ង់ នៅទីក្រុងតេហេរ៉ង់ កាលពីខែកក្កដា ឆ្នាំមុន ដែលរំលេច​ឱ្យឃើញពីទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងប្រទេសទាំងពីរ នៅចំពោះមុខការដាក់សម្ពាធរបស់លោកខាងលិច មកលើទីក្រុងមូស្គូជុំវិញវិបត្តិ​នៅអ៊ុយក្រែន។ ក្នុងសង្រ្គាមឈ្លានពានរបស់ខ្លួននៅអ៊ុយក្រែន រុស្ស៉ីក៏បានប្រើប្រាស់យន្តហោះដ្រូនផលិតដោយអ៉ីរ៉ង់ ក្នុងការវាយប្រហារ​តាមផ្លូវអាកាសផងដែរ៕