(ហ្សាការតា)៖ ករណីគ្រោះរអិលបាក់ដីនៅឯខេត្ត Riau ស្ថិតនៅភាគខាងលិចប្រទេសឥណ្ឌូណេស៊ី កាលពីដើមសប្តាហ៍នេះ បានសម្លាប់ជីវិតមនុស្សកើនឡើងដល់ ៣៣នាក់ ជាមួយ ២១ នាក់បានបាត់ខ្លួន។ នេះបើតាមមន្ត្រីទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ ឥណ្ឌូណេស៊ីដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ​ នៅថ្ងៃសៅរ៍ ទី១១ ខែមីនា ឆ្នាំ២០២៣។

គ្រោះមហន្តរាយរអិលបាក់ដី ដែលបានកើតឡើងនៅកោះ Natuna Regency តាំងពីថ្ងៃនៅថ្ងៃចន្ទដើមសប្ដាហ៍នេះមក បានជំរុញអាជ្ញាធជម្លៀសមនុស្ស ១,៣០០នាក់ ទៅរកកន្លែង មានសុវត្ថិភាព បន្ទាប់ពីករណីបាក់ដី បានបំផ្លាញផ្ទះអស់ជាច្រើនខ្នឹង។ នេះបើតាមការបញ្ជាក់ពីលោក Syariffuddin Muhammad, ជាលេខាធិការទីភ្នាក់ងារគ្រប់គ្រង និងកាត់បន្ថយគ្រោះមហន្តរាយនៃកោះ Natuna ប្រាប់សារព័ត៌មាន Xinhua តាមទូរស័ព្ទ។

ប្រធានទីភ្នាក់ងារគ្រប់គ្រង និងកាត់បន្ថយគ្រោះមហន្តរាយជាតិ Suharyanto ក៏បានប្រកាសដែរថាជំនួយត្រូវបានបញ្ជូនទៅតំបន់រងគ្រោះ រីឯប្រព័ន្ធទូរគមនាគមន៍ត្រូវបានស្ដារ ខណៈផ្លូវ​ដែល​រងការខូចខាត​ក៏​ត្រូវ​បាន​ជួសជុល​ផង​ដែរ​។