(វ៉ាស៊ីនតោន)៖ អ្នកនាំពាក្យសេតវិមាន លោក John Kirby បាននិយាយថាអារ៉ាប៊ីសាអូឌីត បានរក្សាការជូនដំណឹងដល់សហរដ្ឋអាមេរិកជានិច្ច ជុំវិញកិច្ចចរចាជាមួយអ៉ីរ៉ង់ស្ដីពីការបង្កើត ទំនាក់ទំនងការទូតនឹងគ្នាឡើងវិញ ប៉ុន្តែសហរដ្ឋអាមេរិកមិនបានចូលរួមដោយផ្ទាល់នោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១១ ខែមីនា ឆ្នាំ២០២៣។

នៅឯសន្និសីទសារព័ត៌មាននៅថ្ងៃសុក្រសប្ដាហ៍នេះ លោក John Kirby បានគូសបញ្ជាក់ដូច្នេះថា «អារ៉ាប៊ីសាអូឌីតបានរក្សាការជូនដំណឹងដល់យើងជានិច្ច អំពីកិច្ចចរចានេះ... ប៉ុន្តែយើងមិន បានចូលរួមដោយផ្ទាល់ឡើយ»។ អ្នកនាំពាក្យរូបនេះបា​នបន្ថែមថាសេតវិមានជឿជាក់ថាសម្ពាធពីខាងក្រៅ និងខាងក្នុង ក្នុងនោះរួមមានទាំងសមត្ថភាពកំញើញរបស់អារ៉ាប៊ីសាអូឌីត ប្រឆាំង នឹងការវាយប្រហារពីអ៉ីរ៉ង់ និងកូនអុករបស់ពួកគេ គឺជាមូលហេតុជំរុញឱ្យអ៉ីរ៉ង់ត្រឡប់មករកតុចរចា។ ដោយឡែក ជុំវិញការធ្វើឱ្យទំនាក់ទំនងរវាងអ៉ីស្រាអែល និងអារ៉ាប៊ីសាអូឌីត ត្រឡប់ទៅ រកភាពប្រក្រតីឡើងវិញ លោក John Kirby បានអះអាងថាមិនទាន់មានភាពច្បាស់លាស់នោះទេ តែលោកថាសហរដ្ឋអាមេរិកបន្តគាំទ្រដល់ការធ្វើឱ្យប្រសើរឡើងនៃទំនាក់ទំនងរវាងប្រទេស ទាំង២។

គួរបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ នៅថ្ងៃសុក្រសប្ដាហ៍នេះបានរាយការណ៍ថាប្រទេសអ៉ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត បានឯកភាពគ្នាលើការបង្កើតទំនាក់ទំនងការទូតឡើងវិញ ហើយគ្រោងនឹង បើកស្ថានទូតឡើងវិញនៅក្នុងរយៈពេល២ខែខាងមុខ។ កិច្ចព្រមពៀងគ្នានេះ សម្រេចបាននៅឯកិច្ចប្រជុំក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃសុក្រ ទី១០ ខែមីនា។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ ក៏បានបង្ហោះរូបភាពជាច្រើនសន្លឹក និងវីដេអូផងដែរដែលបង្ហាញពីជំនួបរវាងលេខាធិការកំពូលក្រុមប្រឹក្សាសន្តិសុខជាតិអ៉ីរ៉ង់ លោក អាលី សាំខានី (Ali Shamkhani) ជាមួយទីប្រឹក្សាសន្តិសុខជាតិអារ៉ាប៊ីសាអូឌីត លោក មូសាដ ប៊ីន មហាំម៉ាត់ អាល់អៃបាន (Musaad bin Mohammed al-Aiban) ក្រោមការសម្របសម្រួលរបស់លោក វ៉ាង យី មន្ត្រីការទូតកំពូលចិន។ ខាងប្រព័ន្ធផ្សព្វផ្សាយអារ៉ាប៊ីសាអូឌីត ក៏បានទទួលស្គាល់ពីកិច្ចព្រមព្រៀងខាងលើផងដែរ ជាមួយការសង្កត់ធ្ងន់ថាប្រទេសទាំង២បានឯកភាពលើ ការគោរពអធិបតេយ្យ និងមិនជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងគ្នាទៅវិញទៅមក។

អារ៉ាប៊ីសាអូឌីត និងអ៉ីរ៉ង់ បានផ្ដាច់ទំនាក់ទំនងការទូតនឹងគ្នា ក្នុងឆ្នាំ២០១៦ បន្ទាប់ពីក្រុមបាតុករអ៉ីរ៉ង់ដុតបំផ្លាញស្ថានទូតអារ៉ាប៊ីសាអូឌីត ក្នុងប្រទេសអ៉ីរ៉ង់ ជាការសងសឹកទៅ នឹងអាជ្ញាធរទីក្រុងរីយ៉ាដ ដែលបានកាត់ទោសប្រហារជីវិតបុព្វជិតស៉ីអ៉ីតដ៏មានឥទ្ធិពលម្នាក់៕