(ប៉េកាំង)៖ សភាចិន នៅថ្ងៃសៅរ៍នេះ បានប្រកាសទទួលស្គាល់ជាផ្លូវការលោក Li Qiang ជានាយករដ្ឋមន្ត្រីថ្មីនៃប្រទេសចិន បន្ទាប់ពីលោក ស៊ី ជិនពីង​ ជាប់ឆ្នោតជាប្រធានាធិបតីចិន សម្រាប់អាណត្តិទី៣ជាប់ៗគ្នា និងបានក្លាយជាមេដឹកនាំកំពូលចិនមានអំណាចធំបំផុតចាប់តាំងពីសម័យលោក ម៉ៅ សេទុងមក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១១ ខែមីនា ឆ្នាំ២០២៣។

លោក Li Qiang ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីចិន ជំនួសលោក Li Keqiang ដែលបានបញ្ចប់ការកាន់តំណែង ២អាណត្តិរបស់លោក។

តួនាទីជានាយករដ្ឋមន្ត្រី ត្រូវបានកំណត់ត្រឹម ២អាណត្តិ និងជាតំណែងធំបំផុតលំដាប់ទី២ បន្ទាប់ពីប្រធានាធិបតីចិន លោក ស៊ី ជិនពីង។ លោក Li Qiang ត្រូវបានគណបក្សកុម្មុយនិស្ដ ផ្ដល់សេចក្ដីទុកចិត្តតែងតាំងជានាយករដ្ឋមន្ត្រីចិន នៅឯសមាជបក្សកាលពីខែតុលា ឆ្នាំ២០២២។ លោក Li ត្រូវបានគេស្គាល់ថាគឺជាមនុស្សម្នាក់ស្ថិតនៅក្នុងចំណោមមនុស្សដែលលោក ស៊ី ជិនពីង ទុកចិត្តជាទីបំផុត។ លោក Li Qiang ទទួលបានសំឡេងគាំទ្រស្ទើរតែទាំងអស់ពីប្រតិភូបក្សជាង ២,៩០០នាក់ នៅឯសមាជបក្ស មួយថៃ្ងក្រោយលោក ស៊ី ជិនពីង ត្រូវបាន តែងតាំងជាអគ្គលេខាធិការ និងប្រមុខយោធាចិនសម្រាប់អាណត្តិទី៣។

*តើលោក លី ជាំង ជានរណា?

លោក លី ជាំង (Li Qiang) មានអាយុ ៦៣ឆ្នាំ គឺជាអតីតលេខាធិការបក្សកុម្មុយនិស្ដចិនប្រចាំទីក្រុងសៀងហៃ។ លោក លី កើតនៅក្នុងទីក្រុង វិនហ្សូ (Wenzhou) ខេត្តសេជាំង (Zhejiang)។ លោកធ្លាប់ធ្វើជាលេខារបស់លោក ស៊ី ជិនពីង រយៈពេល៣ឆ្នាំ ពោលគឺនៅពេលដែលលោក ស៊ី កាន់តំណែងជាលេខាធិការបក្សកុម្មុយនិស្ដចិនប្រចាំខេត្ត Zhejiang ពីឆ្នាំ២០០២ ដល់ឆ្នាំ២០០៧។ នៅឆ្នាំ២០០២ លោក លី ជាំង ត្រូវបានតែងតាំងជាលេខាធិការបក្សកុម្មុយនិស្ដចិនប្រចាំទីក្រុង វិនហ្សូ នៅអាយុ៤៣ឆ្នាំ ដោយធ្វើឱ្យលោកក្លាយជា មន្ត្រីវ័យក្មេងជាងគេបំផុត ដែលបានកាន់តំណែងនេះ ក្នុងរយៈពេលជាង ៣ទសវត្សរ៍ ហើយពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៦ លោក លី បានកាន់តំណែងជាអភិបាលខេត្ត Zhejiang។

លោក លី ត្រូវបានតែងតាំងជាលេខាធិការបក្សកុម្មុយនិស្ដចិនប្រចាំទីក្រុងសៀងហៃ កាលពីឆ្នាំ២០១៧ ប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយលោកត្រូវបានដំឡើងតំណែងជាសមាជិក ការិយាល័យនយោបាយដែលមានសមាជិក ២៥រូប។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ លោក លី ជាំង ត្រូវបានដំឡើងតំណែងជាសមាជិកឈរនៅលំដាប់លេខរៀងទី២ ពីក្រោមលោក ស៊ី ជិនពីង ក្នុងគណៈកម្មាធិការ អចិន្ត្រៃយ៍ការិយាល័យនយោបាយដែលមានជាសមាជិក ៧រូប។ ការឈរនៅលេខរៀងលំដាប់ទី២នេះដឹងច្បាស់រួចទៅហើយថាលោក លី ជាំង នឹងត្រូវបានតែងតាំងជា នាយករដ្ឋមន្ត្រីថ្មីរបស់ចិន៕