(ប៉េកាំង)៖ សភាចិន នៅថ្ងៃសៅរ៍នេះ បានប្រកាសទទួលស្គាល់ជាផ្លូវការលោក Li Qiang ជានាយករដ្ឋមន្ត្រីថ្មីនៃប្រទេសចិន បន្ទាប់ពីលោក ស៊ី ជិនពីង​ ជាប់ឆ្នោតជាប្រធានាធិបតីចិន សម្រាប់អាណត្តិទី៣ជាប់ៗគ្នា និងបានក្លាយជាមេដឹកនាំកំពូលចិនមានអំណាចធំបំផុតចាប់តាំងពីសម័យលោក ម៉ៅ សេទុងមក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១១ ខែមីនា ឆ្នាំ២០២៣។

លោក Li Qiang ដែលជាអតីតប្រធានគណបក្សកម្មុយនិស្ដចិនប្រចាំទីក្រុងសៀងហៃ ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីចិន ជំនួសលោក Li Keqiang ដែលបានបញ្ចប់ការកាន់តំណែង ២អាណត្តិរបស់លោក។

តួនាទីជានាយករដ្ឋមន្ត្រី ត្រូវបានកំណត់ត្រឹម ២អាណត្តិ និងជាតំណែងធំបំផុតលំដាប់ទី២ បន្ទាប់ពីប្រធានាធិបតីចិន លោក ស៊ី ជិនពីង។ លោក Li Qiang ត្រូវបានគណបក្សកុម្មុយនិស្ដ ផ្ដល់សេចក្ដីទុកចិត្តតែងតាំងជានាយករដ្ឋមន្ត្រីចិន នៅឯសមាជបក្សកាលពីខែតុលា ឆ្នាំ២០២២។ លោក Li ត្រូវបានគេស្គាល់ថាគឺជាមនុស្សម្នាក់ស្ថិតនៅក្នុងចំណោមមនុស្សដែលលោក ស៊ី ជិនពីង ទុកចិត្តជាទីបំផុត។

គួរបញ្ជាក់ថា លោក Li Qiang មានអាយុ ៦៣ឆ្នាំ ទទួលបានសំឡេងគាំទ្រស្ទើរតែទាំងអស់ពីប្រតិភូបក្សជាង ២,៩០០នាក់ នៅឯសមាជបក្ស មួយថៃ្ងក្រោយលោក ស៊ី ជិនពីង ត្រូវបាន តែងតាំងជាអគ្គលេខាធិការ និងប្រមុខយោធាចិនសម្រាប់អាណត្តិទី៣៕