(ម៉ានីល)៖ អាជ្ញាធរនៅក្នុងប្រទេសហ្វីលីពីន បាននិយាយថាខ្លួនបានស្នើសុំជំនួយពីជប៉ុន និងសហរដ្ឋអាមេរិក ខណៈពួកគេកំពុងព្យាយាមគ្រប់គ្រង និងសម្អាតប្រេងដែលរសាត់អណ្ដែត លើផ្ទៃទឹកសមុទ្រអស់រយៈពេលជាង១០ថ្ងៃមកនេះ ក្រោយការលិចកប៉ាល់ដឹកប្រេងមួយគ្រឿង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១១ ខែមីនា ឆ្នាំ២០២៣។

កប៉ាល់ដឹកប្រេងមានឈ្មោះថា The Princess Empress បានផ្ទុកប្រេង ៨០០,០០០លីត្រ នៅពេលដែលវាបានលិចនៅឯតំបន់សមុទ្រនៃកោះ Mindoro ស្ថិតនៅភាគខាងត្បូងរដ្ឋធានី ម៉ានីលកាលពីថ្ងៃទី២៨ ខែកុម្ភៈកន្លងទៅ។ បច្ចុប្បន្ន កប៉ាល់នេះត្រូវបានគេជឿជាក់ស្ថិតនៅក្រោមរលកសមុទ្រជម្រៅ ៤០០ម៉ែត្រ ប៉ុន្តែខាងអាជ្ញាធរហ្វីលីពីនសារភាពថាមិនមាន សមត្ថភាពស្រង់កប៉ាល់ និងសម្អាតប្រេងចេញពីផ្ទៃទឹកសមុទ្រនោះទេ។

បើតាមអាជ្ញាធរហ្វីលីពីន ជប៉ុនបានបញ្ជូនកងកម្លាំងឆ្មាំសមុទ្រមួយក្រុមមកកាន់រដ្ឋធានីម៉ានីល ដើម្បីគាំទ្រដល់ការស៊ើបអង្កេតលើករណីលិចកប៉ាល់ដឹកប្រេង ក៏ដូចជាណែនាំពីរបៀប សម្អាតប្រេងចេញពីផ្ទៃទឹកសមុទ្រ។ រដ្ឋាភិបាលទីក្រុងម៉ានីល ក៏បានស្នើសុំជំនួយពីសហរដ្ឋអាមេរិកផងដែរ តែមិនមានការបញ្ជាក់លម្អិតនោះទេ រីឯខាងស្ថានទូតអាមេរិកប្រចាំរដ្ឋធានី ម៉ានីល ក៏មិនបានធ្វើអត្ថាធិប្បាយអ្វីដែរ។

គួរបញ្ជាក់ថា បើតាមក្រសួងបរិស្ថានហ្វីលីពីន ការលិចធ្លាយប្រេងចេញពីកប៉ាល់ The Princess Empress បានបង្កផលប៉ះពាល់លើផ្ទៃទំហំ ២,៥០០ហិកតា នៃតំបន់ថ្មប៉ប្រះទឹក កោះ Mindoro ខណៈគេមិនទាន់ដឹងថាតើមានប្រេងទំហំប៉ុនណាដែលលិចធ្លាយចូលទឹកសមុទ្រនោះទេ។ ចំណែកឯ មនុស្សរាប់សិបនាក់រស់នៅក្នុងតំបន់កើតហេតុ ត្រូវបានរាយការណ៍ថា បានធ្លាក់ខ្លួនឈឺផងដែរ៕