(តេហេរ៉ង់)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ នៅថ្ងៃសុក្រសប្ដាហ៍នេះបានរាយការណ៍ថាប្រទេសអ៉ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត បានឯកភាពគ្នាលើការបង្កើតទំនាក់ទំនងការទូតឡើងវិញ ហើយគ្រោងនឹងបើកស្ថានទូតឡើងវិញនៅក្នុងរយៈពេល២ខែខាងមុខ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១១ ខែមីនា ឆ្នាំ២០២៣។

កិច្ចព្រមពៀងគ្នានេះ សម្រេចបាននៅឯកិច្ចប្រជុំក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃសុក្រ ទី១០ ខែមីនា។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ ក៏បានបង្ហោះរូបភាពជាច្រើនសន្លឹក និងវីដេអូផងដែរដែល បង្ហាញពីជំនួបរវាងលេខាធិការកំពូលក្រុមប្រឹក្សាសន្តិសុខជាតិអ៉ីរ៉ង់ លោក អាលី សាំខានី (Ali Shamkhani) ជាមួយទីប្រឹក្សាសន្តិសុខជាតិអារ៉ាប៊ីសាអូឌីត លោក មូសាដ ប៊ីន មហាំម៉ាត់ អាល់អៃបាន (Musaad bin Mohammed al-Aiban) ក្រោមការសម្របសម្រួលរបស់លោក វ៉ាង យី មន្ត្រីការទូតកំពូលចិន។

បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ នៅក្រោយការអនុវត្តការសម្រេចចិត្តខាងលើ រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំង២នឹងត្រូវជួបគ្នា ដើម្បីពិភាក្សាពីការបើកស្ថានទូតឡើងវិញ ខណៈខាង ប្រព័ន្ធផ្សព្វផ្សាយអារ៉ាប៊ីសាអូឌីត ក៏បានទទួលស្គាល់ពីកិច្ចព្រមព្រៀងខាងលើផងដែរ ជាមួយការសង្កត់ធ្ងន់ថាប្រទេសទាំង២បានឯកភាពលើការគោរពអធិបតេយ្យ និងមិនជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងគ្នាទៅវិញទៅមក។

គួរបញ្ជាក់ថា អារ៉ាប៊ីសាអូឌីត និងអ៉ីរ៉ង់ បានផ្ដាច់ទំនាក់ទំនងការទូតនឹងគ្នា ក្នុងឆ្នាំ២០១៦ បន្ទាប់ពីក្រុមបាតុករអ៉ីរ៉ង់ដុតបំផ្លាញស្ថានទូតអារ៉ាប៊ីសាអូឌីត ក្នុងប្រទេសអ៉ីរ៉ង់ ជាការសងសឹកទៅ នឹងអាជ្ញាធរទីក្រុងរីយ៉ាដ ដែលបានកាត់ទោសប្រហារជីវិតបុព្វជិតស៉ីអ៉ីតដ៏មានឥទ្ធិពលម្នាក់៕