(សេអ៊ូល)៖ កម្មករធ្វើការនៅឯការដ្ឋានសាងសង់អាផាតធឺមិនមួយកន្លែងក្នុងរដ្ឋធានីព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង បានប្រទះឃើញគ្រាប់មីនជាង១១០គ្រាប់ និងគ្រាប់មិនទាន់ផ្ទុះ ជាច្រើនទៀត ដែលត្រូវបានរាយការណ៍ថាជាអាវុធផលិតដោយសហរដ្ឋអាមេរិកសល់ពីសម័យសង្រ្គាមកូរ៉េ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១១ ខែមីនា ឆ្នាំ២០២៣។

នៅក្នុងសេចក្ដីរាយការណ៍របស់ខ្លួន កាលពីថ្ងៃសុក្រសប្ដាហ៍នេះ KCNA បានគូសបញ្ជាក់ដូច្នេះថា «គា្រប់មីន និងគ្រាប់មិនទាន់ផ្ទុះដែលត្រូវបានប្រទះឃើញ នៅការដ្ឋានសាងសង់ អាផាតធឺមិនក្នុងតំបន់វ៉ាសុង (Hwasong) មានសភាពច្រេះចាប់ តែអាចបង្កគ្រោះថ្នាក់គ្រប់ពេល»។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងនេះដដែល បានឱ្យដឹងទៀតថាគ្រាប់មីន និងគ្រាប់ មិនទាន់ផ្ទុះខាងលើត្រូវបានដោះចេញដោយសុវត្ថិភាព ដោយក្រុមអ្នកជំនាញសហការជាមួយការិយាល័យសន្តិសុខរដ្ឋធានីព្យុងយ៉ាង។

គួរបញ្ជាក់ថា លោក គីម ជុងអ៊ុន បានដាក់ចេញគម្រោងសាងសង់អាផាតធឺមិនថ្មីៗចំនួន ៥០,០០០បន្ទប់ ក្នុងរដ្ឋធានីព្យុងយ៉ាង ជាផ្នែកមួយនៃការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ដែលកំពុងប្រឈមមុខនឹងវិបត្តិស្បៀងអាហារ៕