(វ៉ាទីកង់)៖ សម្តេចប៉ាប ហ្វ្រង់ស៊ីស បាននិយាយនៅក្នុងអត្ថបទដកស្រង់ចេញ ពីបទសម្ភាសន៍មួយដែលចេញផ្សាយនៅថ្ងៃសុក្រនេះថា សង្រ្គាមនៅអ៊ុយក្រែនគឺជាពាក់ព័ន្ធនឹង «ផលប្រយោជន៍របស់ចក្រពត្តិនិយម» ខណៈដែលមហាអំណាចរបស់ពិភពលោកកំពុងប្រយុទ្ធនៅទីនោះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០២៣។
ថ្លែងទៅកាន់ទូរទស្សន៍ RSI របស់ស្វីស សម្តេចប៉ាបបានរៀបរាប់ ពីរបៀបដែលសម្តេចបានស្នើទៅទីក្រុងមូស្គូដើម្បីចរចាសន្តិភាព ប៉ុន្តែត្រូវបានបដិសេធ។
យោងតាមការចេញផ្សាយ RSI លោកនិយាយថា «(ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន) ដឹងថាខ្ញុំអាចរកបាន...ប៉ុន្តែដោយសារផលប្រយោជន៍របស់ចក្រពត្តិនៅទីនោះ មិនត្រឹមតែចក្រភពរុស្ស៊ីប៉ុណ្ណោះទេ ថែមទាំងជាអាណាចក្រនៃភាគីផ្សេងៗទៀតផងÈ។
សម្តេចប៉ាប បានអំពាវនាវម្តងហើយម្តងទៀត សម្រាប់សន្តិភាពនៅក្នុងប្រទេសអ៊ុយក្រែន ទោះបីជាត្រូវបានគេរិះគន់ក្នុងរយៈពេលប៉ុន្មានខែដំបូង បន្ទាប់ពីការលុកលុយរបស់រុស្ស៊ី សម្រាប់ការមិនបានរថ្កោលទោសទីក្រុងម៉ូស្គូច្បាស់លាស់។
នៅក្នុងបទសម្ភាសន៍ លោកក៏បានរំលឹកឡើងវិញនូវការវាយតម្លៃរបស់លោកថា ជម្លោះជុំវិញពិភពលោកនាពេលបច្ចុប្បន្ននេះ ស្មើនឹង «សង្គ្រាមលោកលើកទីបី»៕