(ប៉ារីស)៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak បានជួបជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron នៅទីក្រុងប៉ារីសនៅថ្ងៃសុក្រនេះ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជួសជុលភាពតានតឹងក្រោយ Brexit កែលម្អទំនាក់ទំនងយោធា និងពាណិជ្ជកម្ម ក៏ដូចការបង្កើនកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់លំហូរជនភៀសខ្លួនតាមច្រកសមុទ្រ។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០២៣។
យោងតាមការិយាល័យរបស់ លោក Macron បានឱ្យដឹងថា កិច្ចប្រជុំកំពូលបារាំង-អង់គ្លេសលើកដំបូងចាប់តាំងពីឆ្នាំ២០១៨ នឹងបើក «ជំពូកថ្មី» នៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ខណៈព្រឹត្តិការណ៍បែបនេះធ្លាប់ធ្វើឡើងស្ទើររាល់ឆ្នាំមុនជួបបញ្ហារកាំរកូសនឹងគ្នា។
ទំនាក់ទំនងរវាងអង់គ្លេស និងបារាំងបានស្គាល់ភាពតានតឹងយ៉ាងខ្លាំងបន្ទាប់ពី Brexit ជុំវិញជម្លោះលើសិទ្ធិនេសាទ និងបញ្ហាផ្សេងទៀត ហើយបានឈានដល់ចំណុចទាបបំផុត ក្រោមការដឹកនាំនាយករដ្ឋមន្រ្តី លោក Boris Johnson ដែលចូលចិត្តធ្វើឱ្យបារាំងខឹង។ កាលពីឆ្នាំមុន អតីតនាយកមន្ត្រីអង់គ្លេស ដែលកាន់អំណាចខ្លីបំផុតគឺលោកស្រី Liz Truss បានធ្វើឲ្យប្រជាជនបារាំងខឹងសម្បាជាខ្លាំង នៅពេលដែលលោកស្រីបាននិយាយថា តើគួរវិនិច្ឆ័យលើលោក Macron ជាមិត្ត ឬសត្រូវនោះទេ។
ប៉ុន្តែការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនបាននាំឱ្យចក្រភពអង់គ្លេស និងប្រទេសជិតខាងអ៊ឺរ៉ុបកាន់តែជិតស្និទ្ធជាមួយគ្នា ក្នុងការគាំទ្រដល់ទីក្រុងកៀវ ហើយអារម្មណ៍កាន់តែប្រសើរឡើង បន្ទាប់ពី លោក Sunak ដែលជាអ្នកបច្ចេកទេសប្រកបដោយប្រសិទ្ធភាព បានចូលកាន់តំណែងកាលពីខែតុលា បន្ទាប់ពីអាណត្តិដ៏ខ្លីរបស់ លោកស្រី Truss និងអស្ថិរភាពសេដ្ឋកិច្ច៕